ក្រុមហ៊ុនកម្ពុជា និងបារាំង ចុះអនុស្សារណៈយោគយល់គ្នា (Video Inside)
អនុស្សារណៈយោគយល់ចំនួន៦ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនរបស់កម្ពុជា និងបារាំង ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសស្នាក់នៅក្នុងប្រទេសបារាំង។ អនុស្សារណៈយោគយល់ទាំង៦ ដែលបានចុះហត្ថលេខានារសៀលថ្ងៃចន្ទទី១៥ ខែមករា ឆ្នាំ២០២៤ រួមមាន៖
១៖ អនុស្សារណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន APF
២៖ អនុស្សារណៈយោគយល់រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle
៣៖ អនុស្សារណៈយោគយល់រវាងអាកាសយានដ្ឋានអន្តរជាតិតេជោ OCIC និងក្រុមហ៊ុនឡាហ្គែ័រឌែ័រ Lagardere Travel Retail
៤៖ អនុស្សារណៈយោគយល់រវាង ក្រុមហ៊ុន OCIC និងក្រុមហ៊ុនអាឡូអេសថ៍ Aloest Productions
៥៖ អនុស្សារណៈយោគយល់រវាងក្រុមហ៊ុន OCIC និង Platform Impact
និង៦៖ អនុស្សារណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុនសេម៉ារីស SEMMARIS។
មន្ត្រីរដ្ឋាភិបាលបានថ្លែងថាតាមរយៈការចុះអនុស្សរណៈយោគយល់នេះ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជំនួបពាណិជ្ជកម្ម, សន្និសីទ, សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។
ក្រៅពីនេះ អនុស្សារណៈនឹងជួយជំរុញគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចក្រុមហ៊ុនបារាំង និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមទៀត៕