ក្រុមហ៊ុន Orange Group ចង់បង្កើនការវិនិយោគបន្ថែមនៅកម្ពុជា (Video Inside)

សម្តេចធិបតីបានទទួលជួបតំណាងក្រុមហ៊ុន Orange Group លោក អេម៉ានូអែល រ៉ូឆាស ដែលបានបង្ហាញបំណងចង់ពង្រីកការវិនិយោគលើការតភ្ជាប់បច្ចេកវិទ្យាពីកម្ពុជា ទៅកាន់ប្រទេសផ្សេង តាមខ្សែកាបអុបទិកក្រោមបាតសមុទ្រ។

ក្រុមហ៊ុន Orange Group គឺជាប្រតិបត្តិករទូរគមនាគមន៍ និងផ្គត់ផ្គង់សេវាឌីជីថលឈានមុខ របស់បារាំង និងលើពិភពលោក ដែលមានអតិថិជនចំនួន ២៦៦លាននាក់ទូទាំងពិភពលោក និងមានបុគ្គលិកចំនួន ១៣ម៉ឺន ៦ពាន់នាក់ ដោយប្រតិបត្តិការនៅក្នុងប្រទេសចំនួន២៦ ក្នុងតំបន់អឺរ៉ុប, មជ្ឈឹមបូព៌ា និងអាហ្វ្រិក។ ក្រុមហ៊ុននេះ បានធ្វើការជាមួយប្រតិបត្តិករកម្ពុជា លើការបំរើសេវាអន្តរជាតិ និងភាពជាដៃគូអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។

លោក អេម៉ានូអែល រ៉ូឆាស ដែលជានាយកប្រតិបត្តិ Wholesale International Group ផងដែរនោះ បានជំរាបសម្តេចធិបតី ក្នុងជំនួបថ្ងៃទី១៥មករា ក្នុងក្រុងប៉ារីសថា ក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក ហើយបច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ 5G ឱ្យមានប្រសិទ្ធភាពខ្ពស់ មានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយចំពោះបំណងរបស់ក្រុមហ៊ុន ដែលចង់បណ្ដាក់ទុនវិនិយោគជាបន្ថែមទៀតនៅកម្ពុជា។ សម្តេចធិបតីស្នើដល់ក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូសហការ ដែលមានស្រាប់ និងបន្តកិច្ចពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងព័ត៌មាន។

ads banner