ប្រធានបណ្តុំអង្គការសង្គមស៊ីវិលបញ្ជាក់ពីសារៈសំខាន់របស់សៀវភៅខៀវ ក្នុងការលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមចេញពីកម្ពុជា
ភ្នំពេញ៖ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសង្គមស៊ីវិល បានឱ្យដឹងថា សៀវភៅ «ខៀវ» គឺជាសៀវភៅមួយក្បាល ដែលផ្តល់នូវពុទ្ធិសម្រាប់ប្រជាជនគ្រប់មជ្ឈដ្ឋាន ហើយតាមរយៈសៀវភៅនេះសូមអំពាវនាវដល់បណ្តាគណបក្សនយោបាយ អង្គការ សមាគម និងសង្គមស៉ីវិលនានា ប្រមូលម្លាំងសរុបរបស់ជាតិទាំងរួមគ្នា មកម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។
លោកបញ្ជាក់ថា សៀវភៅខៀវបានចែកចាយចំនួនប្រាំបីស្រុក ខណ្ឌ សរុបជាង ២៤០០ក្បាល ហើយបន្តកែសម្រួល និងចែកចាយបន្តតាមដែលអាចធ្វើទៅបាន។ សៀវភៅខៀវ ចងក្រងដោយជនរងគ្រោះដោយសារនយោបាយជ្រុលនិយម និងជាសក្សីរស់អំពីផលប៉ះពាល់ ដែលទាំងអស់មានបួនមាតិកា។
ប្រធានបណ្តុំអង្គការសង្គមស៊ីវិល បានបញ្ជាក់ទៀតថា សៀវភៅខៀវផ្តោតលើពីរចំណុចធំៗ៖
ទី១-ធ្វើការអំពាវនាវដល់បណ្តាគណបក្សនយោបាយនៅកម្ពុជា អង្គការ សមាគម សង្គមស៊ីវិល រួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមចេញពីកម្ពុជា។
ទី២-គឺការរំដោះខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម ដើម្បីសន្តិភាព និងការអភិវឌ្ឍរួមគ្នា។
ប្រភពដដែលបានថា បច្ចុប្បន្ននេះ និងទៅអនាគត ជាពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។ ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។
ចលករយុទ្ធនាការផ្សព្វផ្សាយសៀវភៅខៀវ ថែមទាំងអំពាវនាវដល់សកម្មជនប្រឆាំងជ្រុលនិយម ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា កុំបណ្តោយខ្លួនឱ្យជាក្លាយជាឈ្នាន់នយោបាយ ដែលអាចបណ្តាលឲ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ជាពិសេសអំពាវនាវដល់បណ្តាលគណបក្សនៅក្នុងប្រទេសកម្ពុជាទាំងអស់ រួបរួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឱ្យអស់ចេញពីកម្ពុជា៕
ដោយ៖ពលជ័យ




