អតីតនាយករដ្ឋមន្ត្រីអង់គ្លេស វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រត្តិបត្តិ នៃវិទ្យាស្ថានបម្រែបម្រួលសកល Tony Blair (Tony Blair Institute for Global Change) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងសេចក្តីរីករាយ ដែលបានជួបពិភាក្សាជាមួយឯកឧត្តម Tony Blair និងបានបញ្ជាក់ថា កម្ពុជារក្សាបានូវសុខសន្ដិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្តេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកំណត់យកនូវអាទិភាពគន្លឹះរួមមាន៖ ការអភិវឌ្ឍមូលធនមនុស្ស ការរក្សាកំណើន ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាពនិងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ក្នុងឱកាសនៃជំនួប ឯកឧត្តម Tony Blair បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ហើយឯកឧត្តមបានជម្រាបជូនសម្ដេចធិបតី ថា វិទ្យាស្ថានបម្រែបម្រួលសកល Tony Blair បាននិងកំពុងជួយគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍជាច្រើន ហើយក្នុងនោះក៏មានប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។ ជាមួយនេះ ឯកឧត្តម Tony Blair បានបង្ហាញពីបំណងពង្រឹងកិច្ចសហការ និងការស្វែងយល់បន្ថែមអំពីកម្ពុជា ដោយឯកឧត្តមបានជម្រាបសួរសម្ដេចធិបតីបន្ថែមអំពីគោលនយោបាយអាទិភាពសំខាន់ៗមួយចំនួនរបស់កម្ពុជា ដែលរួមមាន វិស័យថាមពល បរិស្ថាន កសិកម្ម ឧស្សាហកម្ម ជាដើម។

ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ចល្អ ហើយវិស័យកសិកម្មនៅតែជាវិស័យអាទិភាពមួយ ដោយរាជរដ្ឋាភិបាលបាននិងកំពុងធ្វើការការផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកជាចម្បងលើកសិកម្មប្រពៃណី ទៅជាសេដ្ឋកិច្ចទំនើប ដែលពឹងផ្អែកលើកសិកម្មវៃឆ្លាត។ ចំពោះវិស័យថាមពល និងបរិស្ថាន សម្ដេចធិបតី បានគូសបញ្ជាក់ថា ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជាសម្រេចបាន ៦២% នាពេលបច្ចុប្បន្ន ហើយនឹងបន្តជំរុញឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។ កម្ពុជាក៏បានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្កាវ៉ាត់ផងដែរ។ សម្ដេចធិបតីបានបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើនដើម្បីកែទម្រង់ស្ថាប័ន ហើយកម្ពុជាត្រូវការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាចលករនៃការអភិវឌ្ឍប្រទេសស្របតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner