ក្រុមហ៊ុន Lippo Group ស្វែងរកឱកាសបណ្តាក់ទុនក្នុងប្រទេសកម្ពុជា (Video Inside)

ក្រុមហ៊ុនធំដ៏ធំមួយរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកឱកាសវិនិយោគ លើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា។

ការស្វែងរកឱកាសបណ្តាក់ទុនរបស់ក្រុមហ៊ុន Lippo Group បានធ្វើឡើងក្នុងឱកាសទទួលការអនុញ្ញាតជួបសម្តែងការគួរសម ចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដែលកំពុងស្ថិតក្នុងប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤។

ប្រធានក្រុមហ៊ុនឥណ្ឌូណេស៊ី លោក ចន រ៉ាយឌី John Riady បានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាព នៃអាជីវកមុ្មរបស់ក្រុមហ៊ុន Lippo Group ដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ, ផ្សារលក់រាយ, បដិសណ្ឋារកិច្ច, សុខាភិបាល, អប់រំ, សារព័ត៌មាន ទូរគមនាគមន៍, ឌីជីថល និងហិរញ្ញវត្ថុ។

ប្រធានក្រុមហ៊ុន Lippo Group បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគ លើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។

សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារ ជាមួយប្រធានក្រុមហ៊ុន Lippo Group ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគ នៅកម្ពុជា។

សម្ដេចធិបតីបានជម្រាបជូនប្រធានក្រុមហ៊ុនឥណ្ឌូណេស៊ី អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតអាទិភាព លើការកសាងធនធានមនុស្ស ជាមួយការយកចិត្តទុកដាក់លើវិស័យសុខាភិបាល វិស័យអប់រំ បច្ចេកវិទ្យាឌីជីថល និងវិស័យអាទិភាពផ្សេងៗទៀត។

សម្តេចធិបតី បានគូសបញ្ជាក់ពីគោលនយោបាយ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាស នៅក្នុងកិច្ចសហការ ជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ads banner