សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជានៅក្នុងការពូនជ្រុំ និងបន្តពង្រឹងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា បារាំង គឺជាប្រទេសដំបូងនៅក្នុងទស្សនកិច្ចរបស់សម្តេចកាន់ទ្វីបអឺរ៉ុប ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី។ នៅក្នុងរយៈពេលតែ១៣ខែប៉ុណ្ណោះ មានថ្នាក់ដឹកនាំកំពូល៣រូប រួមមានព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏ដូចជាវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២ និងវត្តមានរបស់សម្តេច (សម្តេចធិបតី) នៅថ្ងៃនេះ។ ដែលនេះបង្ហាញឲ្យឃើញភាពស៊ីជម្រៅ និងចំណងមិត្តភាពរបស់កម្ពុជា និងបារាំង។ ការបញ្ជាក់របស់សម្តេចធិបតី ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នាជាមួយឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតីបានមានប្រសាសន៍បន្តថា កម្ពុជាចងចាំជានិច្ចនូវតួនាទីរបស់បារាំងនៅក្នុងនាមជាស្ថាបនិក និងជាសហប្រធានសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ដែលនាំដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ ដែលជាការរួមចំណែកដ៏សំខាន់របស់បារាំងនៅក្នុងស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាំងពីពេលនោះមក។ តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ដែលបានធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើមាគ៌ាឆ្ពោះទៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា ក្នុងនាមប្រមុខរាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជានៅក្នុងការពូនជ្រុំ និងបន្តពង្រឹងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ សម្តេចសង្ឃឹមថា តាមរយៈទស្សនកិច្ចផ្លូវការរបស់សម្តេចនៅពេលនេះ យើងទាំងពីរអាចជជែកគ្នានៅក្នុងការពង្រឹងពង្រីកនៃទំនាក់ទំនងប្រទេសយើងអាចពិនិត្យលទ្ធភាពនៅក្នុងនៅក្នុងការលើកតម្កើងកម្រិតនៃសហប្រតិបត្តិការរវាងដៃគូររបស់យើងនៅក្នុងប្រទេសទាំងពីរ។
សម្តេចធិបតីបានបញ្ជាក់ថា នៅក្នុងជំនួបជាមួយឯកឧត្តមប្រធានាធិបតីបារាំង នឹងពិភាក្សាគ្នាទៅលើកិច្ចការងារ ប្រធានបទដែលមានការចាប់អារម្មណ៍រួម ក៏ដូចជាផលប្រយោជន៍រួមរបស់ប្រទេសយើងទាំងពីរនៅក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជានៅក្នុងក្របខណ្ឌសកលលោកផងដែរ។ ទំនាក់ទំនងរដ្ឋ និងរដ្ឋប្រទេសទាំងពីរពិតជាមានសារៈសំខាន់ ហើយអ្វីដែលសំខាន់ និងចាំបាច់ផងដែរនោះ គឺទំនាក់ទំនងវិស័យឯកជន ដូចដែលឯកឧត្តមប្រធានាធិបតីបារាំងបានមានប្រសាសន៍។ ជាពិសេសលើវិស័យឯកជនទាំងពីរដែលយើងអាចប្រដូចឈាមក្រហមចិញ្ចឹមរាងកាយនៃទនាក់ទំនងទ្វេភាគីរវាងកម្ពុជា-បារាំង។ យើងជានិយាយបាននូវមោទនភាពថា ទំនាក់ទំនងរវាងវិស័យឯកជននៅក្នុងផ្នែកវិនិយោគនិងពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានកើនឡើងជាលំដាប់នៅលើគ្រប់វិស័យ។ សម្តេចធិបតីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅបារាំងនាពេលនេះជាពិសេសជំនួបជាមួយឯកឧត្តមប្រធានាធិបតីបារាំង នឹងអាចឲ្យយើងបានជជែកគ្នានៅក្នុងកិច្ចការងារដែលត្រូវបន្តទៅទៀតនៅក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងបារាំង៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

