អង់គ្លេសព្រមានថា ការបោះឆ្នោតរបស់ខ្លួននឹងមានការគំរាមកំហែងធ្ងន់ធ្ងរ

ឡុងដ៍៖ ប្រមុខការពារជាតិអង់គ្លេស នៅថ្ងៃអាទិត្យទី២១ ខែមករានេះនិយាយថា ប្រទេសរបស់លោកកំពុងទទួលយកការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ នៃការបោះឆ្នោតមានការជ្រៀតជ្រែកពីបរទេស ដែលនឹងកើតមាននៅចុងឆ្នាំនេះ ក្រោយមានការព្រមានពីមន្ត្រីប្រឆាំងភេរវកម្ម។

ប្រធានប្រឆាំងភេរវកម្មអង់គ្លេស លោក Matt Jukes បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការគំរាមកំហែងផ្នែកចារកម្មពីរដ្ឋបរទេស ដូចជាចិន រុស្ស៊ី និងអ៊ីរ៉ង់ ឥឡូវនេះ មានទំហំធំជាងមុន បើធៀបនឹងជំនាន់សង្គ្រាមត្រជាក់។ លោកបន្តថា ប៉ូលីសបានបង្កើតអង្គភាពថ្មីមួយ ដើម្បីទប់ទល់នឹងការគំរាមកំហែងការជ្រៀតជ្រែកពីខាងក្រៅ នៅមុនការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២៤នេះ។

លោកបន្ថែមថា អង្គភាពនេះនឹងប្រើប្រាស់អំណាចផ្តល់ដោយច្បាប់សន្តិសុខជាតិ ដែលបានអនុម័តកាលពីខែកក្កដា ដើម្បីធ្វើឱ្យប្រទេសនានាកាន់តែពិបាក ក្នុងការស៊ើបការណ៍ និងជ្រៀតជ្រែកក្នុងដំណើរការនយោបាយរបស់ចក្រភពអង់គ្លេស។ ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps ប្រាប់ទូរទស្សន៍ Sky News ថា ជាក់ស្តែង នោះគឺជាអ្វីដែលយើងយកចិត្តទុកដាក់យ៉ាងខ្លាំង និងថា ស្ថាប័នប្រឆាំងអំពើភេរវកម្ម និងស្ថាប័នផ្សេងទៀត នឹងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរឿងនោះ។

ការព្រមានរបស់មន្រ្តីជាន់ខ្ពស់អង់គ្លេសនេះ កើតឡើងបន្ទាប់ពីរបាយការណ៍មួយរបស់ក្រុមហ៊ុន Microsoft កាលពីខែវិច្ឆិកាឆ្នាំមុននិយាយថា រុស្ស៊ី អ៊ីរ៉ង់ និងចិនទំនងជាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយឥទ្ធិពល និងការជ្រៀតជ្រែក នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ និងក្នុងការបោះឆ្នោតដ៏សំខាន់ផ្សេងទៀតនៅទូទាំងពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner