សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទនៅតែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទោះបីជាយើងមានមោទនភាពចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលសម្រេចបានមកហើយយ៉ាងណាក្ដី ប៉ុន្តែយើងទាំងអស់គ្នាក៏សុទ្ធតែបានជ្រួតជ្រាបថា ឆ្នាំ២០២៤នេះ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោលពីស្ថានការណ៍អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទនៅតែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់ គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើងដោយការវិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្ដាប់តូច ដែលចាំបាច់ទាមទារ ឱ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ។ នេះបើយោងតាមសារលិខិតជូនពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះនាយទាហាន នាយ ទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩ ២៤ មករា ២០២៤) នេះ។
តាមរយៈសារលិខិតជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីជាយើងមានមោទនភាពចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលសម្រេចបានមកហើយយ៉ាងណាក្ដី ប៉ុន្តែយើងទាំងអស់គ្នាក៏សុទ្ធតែបានជ្រួតជ្រាបថា ឆ្នាំ២០២៤ នេះ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោលពីស្ថានការណ៍អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទនៅតែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់ គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើងដោយការវិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្ដាប់តូច ដែលចាំបាច់ទាមទារឱ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ។ ជាមួយគ្នានេះ សម្តេចធិបតីបានសម្តែងនូវការកោតសរសើរ និងការលើកទឹកចិត្តដោយស្មោះចំពោះយោធិនទាំងអស់ ដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជាមួយបណ្តាគ្រប់កងឯកភាពទូទាំង កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដី ហើយក៏បានសហការយ៉ាងល្អប្រសើរជាមួយនឹង អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរួមចំណែកដល់ដំណើរការអភិវឌ្ឍជាតិក្នុងពេលកន្លងមក ដែលជាពលិកម្មដ៏ធំធេង ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន ក្នុងខណៈពេលដែលប្រទេសមួយចំនួនក្នុងពិភពលោក កំពុងប្រឈម និងរងគ្រោះ ដោយសារសង្គ្រាម អំពើរភេរវកម្ម និងព្រឹត្តិការណ៍អសន្តិសុខផ្សេងៗទៀត។ គ្រប់ស្នាដៃ និងសមិទ្ធផលជាច្រើនដែលកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្រេចបាន នាពេលកន្លងមកនេះ គឺពិតជាមិនអាចធ្វើបាននោះទេ ប្រសិនជាមិនមានការចូលរួមចំណែកពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យោធិន គ្រប់រូប ក្នុងការបំពេញភារកិច្ច ប្រកបដោយភាពអង់អាចក្លាហាន មោះមុត វិន័យម៉ឺងម៉ាត់ និងការប្តេជ្ញា ទទួលខុសត្រូវនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ជាមួយនឹងការអបអរសាទរខួបអនុស្សាវរីយ៍លើកលើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នាពេលនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សូមសម្តែងនូវមោទនភាព ប្រកបដោយ មនោសញ្ចេតនារីករាយ ថ្លែងនូវសារលិខិតជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏ដូចជាជូនចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ទូទាំងកងទ័ព ជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងន័យបង្ហាញអំពីឆន្ទៈគាំទ្រ និងការលើកទឹកចិត្តចំពោះការដឹកនាំបញ្ជាដ៏មោះមុត ការតស៊ូលះបង់ មានភក្ដីភាព ភាព និងមនសិការ ស្នេហាជាតិខ្ពស់ នៅក្នុងបុព្វហេតុការពារថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម ភាពសុខដុមរមនា និងភាពរីកចម្រើនលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាយើងទាំងមូល។
គោលដៅដ៏សំខាន់ពីរ នៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចេរភាព។ សុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះ ជាពិសេស គឺគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនេះ ក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ។ ក្នុងន័យនេះ ចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាគ្រប់បណ្តាកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវតែបន្តជំរុញយកចិត្តទុកដាក់លើការងារកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងធ្វើយ៉ាងណា កសាងពង្រឹងអង្គភាពឱ្យបានរឹងមាំលើគ្រប់វិស័យ ដែលជាមូលដ្ឋានដ៏ចាំបាច់ធានាឲ្យការដឹកនាំបញ្ជា ការកសាងកម្លាំង និងការពង្រឹងប្រៀបការពារជាតិរឹងមាំ។
រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងនូវការគាំទ្រ និងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារដោះស្រាយជីវភាព ថវិការបបឧបត្ថម្ភផ្សេងៗ និងការបំពាក់សម្ភារៈស្របតាមស្ថានភាពនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការផ្តល់នូវកិត្តិយស និងការគោរពដោយសេចក្ដីថ្លៃថ្នូរចំពោះកងយោធពលខេមរភូមិន្ទ ក្នុងន័យជាការតបស្នងដល់គំរូវីរភាព និងគុណូបការៈដ៏ឧត្តុងឧត្តមរបស់កងយោធពលខេមរភូមិន្ទនៃយើង៕
ដោយ៖ពលជ័យ