លោក កុយ សីហា ជាអ្នករើសអេតចាយសម្រេចិត្តចូលរៀនជំនាញអគ្គីសនី ព្រោះចង់ប្តូរ មុខរបរដែលមានចំណូលមិនឋិតឋេរ
(ភ្នំពេញ)៖ ដោយសារពីជីវភាពរបស់ខ្លួនមិនឋិតឋេរពោលគឺប្រកបរបររកស៊ីចំណូលមិនទៀងទាត់ និងមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារមិនគ្រប់គ្រាន់ លោក កុយ សីហា មានគ្រួសារនិងមានកូន១នាក់នៅក្នុងបន្ទុក ប្រករបរដើររើសអេតចាយ និងឆ្លៀតទិញអេតចាយលក់ បានសម្រេចចិត្តមកចុះឈ្មោះចូលរៀនជំនាញអគ្គីសនី នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ ដែលមានទីតាំងស្ថិតនៅ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ ខាងកើត សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ តាមរយៈការផ្សព្វផ្សាយពីអាជ្ញាធរ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានបំណងចាប់យកអាជីពមួយពិតប្រាកដក្នុងខ្លួន តាមរយៈកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពីការបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ថ្លែងប្រាប់អ្នកសារព័ត៌មានទូរទស្សន៍អប្សរា លោក កុយ សីហា និយាយទាំងក្តុកក្តូលនិងសប្បាយចិត្តបន្ទាប់ពីបានចូលរៀនជំនាញអគ្គីសនីដោយឥតបង់ថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ ថា បន្ទាប់ពីបានទទួលដំណឹង និងចុះប្រាប់ដោយផ្ទាល់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់គ្រួសារក្រីដែលមានហានិភ័យ ពិសេសអ្នករើសអេតចាយដូចពួកគាត់ ដែលមានប័ណ្ណសមធម៌ ដើម្បីមកបណ្តុបណ្តាលឱ្យរៀនជំនាញ ងាយស្រួលរកការងារធ្វើ។ លោក ក៏បានរំលឹកពីជីវភាព ដែលជាអ្នករើសអេតចាយ និងទិញអេតចាយ មានភាពខ្សត់ខ្សោយ រកលុយមួយថ្ងៃបានចន្លោះត្រឹម២ទៅ៣ម៉ឺនរៀលមកផ្គត់ការចំណាយនៅក្នុងក្រុមគ្រួសារ ហើយការរស់នៅជួលផ្ទះគេ ត្រូវចំណាយច្រើន ធ្វើអោយលោកចាប់យកឱកាសមករៀនអគ្គីសនីអាចជាក្តីសង្ឃឹមឱ្យលោកអាចមានជីវភាពប្រសើរជាងមុន។

លោកបានបញ្ជាក់ផងដែរថា លោកពិតជា សប្បាយចិត្តដែលប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ខិតខំប្រឹងប្រែងជួយដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកលោកដែលជាអ្នកក្រីបានចូលរៀន ហើយទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុង១ខែដើម្បីអាចផ្គត់ផ្គង់ជីវភាពនៅក្នុងក្រុមគ្រួសារ ហើយកម្មវិធីបណ្តុះបណ្តាលនេះគឺជាការគិតគួរខ្ពស់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានចំណេះ មានជំនាញ និងមានការងារធ្វើ ។
ជាមួយនិងឱកាសនៃការទទួលបានការបណ្តុះបណ្តាលជំនាញអគ្គីសនីលោក កុយ សីហា សូមគោរពអរគុណដល់សម្តេបវរមហាធិបតី ហ៊ុន ម៉ាណែត ដែលលោក ខិតខំប្រឹងប្រែង រិះរកធម្យោបាយគ្រប់បែបយ៉ាងដើម្បីឱ្យប្រជាពលរដ្ឋមានជំនាញ និងមានការងារធ្វើសមរម្យ ហើយលោកប្តេជ្ញាចិត្តថា និងខិតខំរៀនឱ្យចេះ ឱ្យទៅតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ។

ចាន់ ជឿន នាយនាយករងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានឱ្យដឹងថា បន្ទាប់ពីការប្រកាស កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពីការបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វិទ្យស្ថានទទួលបានទទួលបានការចុះឈ្មោះពីសិស្សដែលចូលមករៀនចំនាញបច្ចេកទេសេវិជ្ជាជីវៈC1 នេះគឺបានប្រមាណជាជិត១ពាន់នាក់ហើយ។ លោកបានឱ្យដឹងថា ផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ មានមុខជំនាញ ១៤ ដែលសុទ្ធសឹងជាជំនាញដែលមានតម្រូវការទីផ្សារខ្ពស់ផងដែរ។
លោក ពិន សំណាង គ្រូបច្ចេកទេសវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានឱ្យដឹងថា វគ្គជំនាញបច្ចេកទេសអគ្គីសនីនេះ គឺនិងបណ្តុះបណ្តាលរយៈពេល៤ ខែ ចែកចេញជា៦មូឌីល រួមជាមួនិងជំនាញទន់ សុជីវធម៌ ហើយសិស្សនិងទទួលការចុះកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុនឯកជន ទៅលើផ្នែកអគ្គីសនី។ លោកបន្ថែមថា ជំនាញអគ្គីសនី គឺរៀនចប់ឱកាសនៃការងារខ្ពស់ ទទួលបានប្រាក់ខែសមរម្យ ហើយអាចចេញប្រកបរបររស៊ីខ្លួនឯងផងដែរ។

គូរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពីការបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយ ពោលគឺកាល ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ វគ្គដំបូងដែលមាន យុវជនចំនួន ១៥០០០នាក់ ក្នុងនោះមាន ៥០០ថ្នាក់បណ្តុះបណ្តាល នៅទូទាំងប្រទេស ៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា