លោក បៃឌិន និងលោកស្រី ហារីស៍ ជំរុញលើ «សិទ្ធិរំលូតកូន» ក្នុងសមរភូមិបោះឆ្នោត ប្រជែងជាមួយ លោក ដូណាល់ ត្រាំ

វ៉ាស៊ីងតោន ឌីស៊ី៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Jo Biden (ចូ បៃឌិន) និងអនុប្រធានាធិបតី លោកស្រី Kamala Harris (កាម៉ាឡា ហារីស៍) គ្រោងនឹងជំរុញ លើសិទ្ធិរំលូតកូននៅក្នុងសប្តាហ៍នេះ។ អ្នកទាំងពីរបានគូសបញ្ជាក់ថា ការណ៍នេះត្រូវបានគណបក្សប្រជាធិបតេយ្យជឿជាក់ថា ជាចំណុចខ្លាំងមួយ ក្នុងពេលប្រជែងការបោះឆ្នោត ជាមួយលោក Donald Trump (ដូណាល់ ត្រាំ) បេក្ខភាពនៃគណបក្សសាធារណរដ្ឋ។

គេដឹងថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក គ្រោងនឹងរៀបចំឡើង នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកស្រី ហារីស៍ និង លោក បៃឌិន បានអះអាងថា ប្រសិនបើលោក ត្រាំ មានឱកាសមកគ្រប់គ្រងសេតវិមានឡើងវិញ លោក ត្រាំ អាចនឹងព្យាយាមកំហិតបន្ថែមទៀត លើបញ្ហារំលូតកូននេះ។

លោកស្រី ហារីស៍ បានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីចុងសប្តាហ៍ថា «ប្រសិនបើលោក ត្រាំ ជាប់ឆ្នោតឡើងវិញ លោកនឹងព្យាយាមដកច្បាប់រំលូតកូន គ្រប់រដ្ឋទូទាំងប្រទេស លោកមានគម្រោងក្នុងការធ្វើរឿងនេះ»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ តែងតែនិយាយម្តងហើយម្តងទៀតថា តុលាការកំពូលរបស់សហរដ្ឋអាមេរិកគួរតែត្រូវបានផ្តល់សិទ្ធិ ក្នុងការលុបចោលសិទ្ធិរំលូតកូននេះ។ អ្វីដែលគួរឲ្យកតសម្គាល់នោះ ចាប់តាំងពីមានការសម្រេចចិត្តរបស់តុលាការលើរឿងនេះមក មានរដ្ឋចំនួន១៤របស់អាមេរិក បានដាក់បំរាមទាំងស្រុងលើការរំលូតកូន ខណៈដែលរដ្ឋចំនួន៧ផ្សេងទៀត បានដាក់កំហិតពេលវេលា ចំពោះបញ្ហារំលូតកូន នេះបើតាមអ្នកតាមដាន ប្រចាំនៅកាសែត New York Times។

គួរបញ្ជាក់ថា លោកស្រី ហារីស៍ ថ្មីៗនេះ បានធ្វើដំណើរទៅកាន់រដ្ឋ Wisconsin ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចទូទាំងប្រទេស លើបញ្ហារំលូតកូន។ នៅថ្ងៃចន្ទ សប្តាហ៍នេះគឺក៏ជាខួបគម្រប់ ៥១ ឆ្នាំ ដែលតុលាការកំពូលរបស់អាមេរិកបានសម្រេចថា «រដ្ឋធម្មនុញ្ញអាមេរិកការពារសិទ្ធិក្នុងការរំលូតកូន»។

បន្ទាប់មក លោកស្រី ហារីស៍ និងលោក បៃឌិន នឹងបង្ហាញខ្លួនរួមគ្នា ជាលើកដំបូង ក្នុងពេលចាប់ផ្តើមយុទ្ធនាការ បោះឆ្នោត ឆ្នាំ២០២៤ នៅរដ្ឋ Virginia នាថ្ងៃអង្គារ សប្តាហ៍នេះ។

យុទ្ធនាការ Biden-Harris បានឲ្យដឹងថា លោក បៃឌិន និងវាគ្មិនផ្សេងទៀត នឹងគូសបញ្ជាក់ អំពីអ្វីដែលចាត់ទុកថា មានហានិភ័យសម្រាប់សេរីភាពបន្តពូជ នៅឆ្នាំ ២០២៤ រួមទាំងការគំរាមកំហែង ទាក់ទិននឹងការហាមឃាត់ការរំលូតកូនថ្នាក់ជាតិ ដែលដឹកនាំដោយបក្សសាធារណរដ្ឋ។ នោះគឺសំដៅលើ យុទ្ធនាការ «ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត» ឬ «Make America Great Again» ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner