Church of Jesus Christ មានគម្រោងសាងសង់មន្ទីរពេទ្យព្យាបាលជំងឺបេះដូងនៅខេត្តសៀមរាប

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃChurch of Jesus Christ លោកElder Dale G. Renlund បានជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអំពីគម្រោងកសាងមន្ទីរពេទ្យព្យាបាលជំងឺបេះដូងមួយកន្លែង នៅក្នុងខេត្តសៀមរាបសំដៅជួយដល់ការព្យាបាល និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពជា។ប៉ុន្តែលោកពុំបានបញ្ជាក់លំអិតអំពីគម្រោងនេះសាងសង់នេះទេ។ ជាមួយគ្នានេះលោកក៏បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបន្តចូលរួមចំណែកលើកកម្ពស់និងគាំទ្រវិស័យសុខាភិបាល និងលើការបណ្ដុះបណ្ដាលកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋតាមសហគមន៍  នៅតាមមូលដ្ឋានផងដែរ។

នេះបើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច មកព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។

លោក Elder Dale G.Renlund ក៏បានជម្រាបសម្តេចធិបតីនូវសកម្មភាពការងាររបស់ Church of Jesus Christ ដែលផ្ដោតជាសំខាន់ការកិច្ចការមនុស្សធម៌ ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍វិស័យសាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋាន ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផល ដែលសម្រេចបាន របស់  Church  of Jesus Christ  ក្នុងការគាំទ្រលើគម្រោងជាច្រើន  ដែលបាន ផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗរបស់ Church of Jesus Christ ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ សម្ដេចក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើការធានាឱ្យមានសេរីភាពខាងជំនឿសាសនា និងការធានានូវសុខដុមនីយកម្មខាងសាសនានៅក្នុងសង្គមកម្ពុជា។

សម្ដេចធិបតីបានរំលឹកថា កម្ពុជាជាប្រទេសដែលធ្លាប់បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលនៅពេលនោះរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានលុបបំបាត់ចោលទាំងស្រុងរាល់ជំនឿសាសនារបស់ប្រជាពលរដ្ឋ។ តាមរយៈបទពិសោធន៍ដ៏ជូរចត់នេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការទទួលបាននូវសុខសន្តិភាព  និងស្ថិរភាពពេញលេញនៅកម្ពុជា ៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner