ព្រះវិហារ Church of Jesus Christ ចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា (Video Inside)

ព្រះវិហារ Church of Jesus Christ បានប្ដេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជា។

ព្រះវិហារ Church of Jesus Christ ដែលមានសាខាជាច្រើនក្នុងប្រទេសកម្ពុជា គឺជាព្រះវិហារសាសនា ដែលមានទីតាំងធំស្ថិតក្នុងរដ្ឋយូតា Utah នៃសហរដ្ឋអាមេរិក។

លោកអែលឌឺ ដេល រ៉ិនឡាន់ Elder Dale G. Renlund អ្នកដឹកនាំសាសនាព្រះវិហារនេះ ក្នុងឱកាសជួបសម្តែងការគួរសមចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២២មករា បានបញ្ជាក់ការប្តេជ្ញាចិត្តរួមចំណែកជាមួយរាជរដ្ឋាភិបាល លើការអភិវឌ្ឍន៍វិស័យសាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋាន។

សម្តេចធិបតី ក្នុងប្រសាសន៍ឆ្លើយតប បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផល ដែលសម្រេចបានរបស់ Church of Jesus Christ ក្នុងការគាំទ្រលើគម្រោងជាច្រើនកន្លងមក ដែលបានជួយផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗ របស់ Church of Jesus Christ ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការធានាឱ្យមានសេរីភាពខាងជំនឿសាសនា និងការធានានូវសុខដុមនីយកម្មខាងសាសនា នៅក្នុងសង្គមកម្ពុជា។

សម្ដេចធិបតីបានរំលឹកនូវអតីតកាលដែលមានការបំផ្លាញវិស័យសាសនា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម និងការរស់រានសាឡើងវិញ នៃវិស័យសាសនាទាំងអស់ នាថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩។

សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការទទួលបាននូវសុខសន្តិភាព និងស្ថិរភាពពេញលេញនៅកម្ពុជា។

ads banner