សកម្មជនគន្លឹះបួនរូបរបស់គណបក្សប្រឆាំង សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)
សកម្មជនគន្លឹះរបស់គណបក្សភ្លើងទៀននៅខេត្តកណ្ដាល និងខណ្ឌព្រែកព្នៅចំនួន៤រូប បានថ្កោលទោសការដឹកនាំរបស់គណបក្សភ្លើងទៀន និងបានស្នើសុំរកការចួលរួមធ្វើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សកម្មជនសំខាន់ទាំងបួនរូបនោះ រួមមានបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៃគណបក្សភ្លើងទៀន ឈ្មោះ ជា ច័ន្ទណារិទ្ធ ដែលជាអតីតសមាជិកគណកម្មាធិការប្រតិបត្តិភ្លើងទៀនខេត្តកណ្តាល, ទី២ឈ្មោះ វ៉ែន សំអេន អតីតអចិន្ត្រៃយ៍គណកម្មាធិការប្រតិបត្តិខណ្ឌព្រែកព្នៅរបស់គណបក្ស, ទី៣ អតីតអនុប្រធានយុវជនខណ្ឌព្រែកព្នៅ ឈ្មោះ រ៉ាប់ រ៉ន, និងទី៤ ឈ្មោះ ឈៀង សុខ អតីតសមាជិកក្រុមទ្រទ្រង់ការងារគណបក្សង្គ្រោះជាតិខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់រួចមកហើយថា សម្តេចនឹងទទួលស្វាគមន៍ ចំពោះបណ្តាអ្នកនយោបាយប្រឆាំងនានាទាំងអស់ ក្នុងការវិលត្រឡប់មករួមរស់ក្រោមដំបូលសន្តិភាព និងនយោបាយជាតិរបស់ខ្លួនវិញ លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី តែម្នាក់ប៉ុណ្ណោះ។
កម្ពុជាក្រោមសម័យដឹកនាំសន្តិភាពដ៏រុងរឿងនាបច្ចុប្បន្ន, ក្រុមធ្វើនយោបាយប្រឆាំងទាំងនៅក្នុងស្រុក និងក្រៅស្រុក ត្រូវគេឃើញថាបាននាំគ្នាមករួមរស់ក្នុងប្រទេស ដែលមានសន្តិភាពពិតប្រាកដ និងខ្លះបានសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាជាច្រើននាក់ថែមទៀត និងក្នុងចំណោមអ្នកចូលរួមជាច្រើន ថែមទាំងបានទទួលការតែងតាំងមុខងារខ្លះ ក្នុងជួររាជរដ្ឋាភិបាល និងខ្លះទៀតជាមន្ត្រីទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថែមទៀត។