អ្នកនាំពាក្យក្រសួងការពារជាតិគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានសរសេរលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៦ ខែមករានេះថា សភាពការណ៍ពិភពលោកនាពេលបច្ចុប្បន្ន មានការវិវឌ្ឍកាន់តែស្មុគស្មាញ ដោយលេចឡើងនូវសង្គ្រាមថ្មីៗជាបន្តបន្ទាប់ ខណៈដែលបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងជាងមុន ក្នុងនោះគ្រឿងសព្វាវុធ ដែលពិភពលោកប្រើប្រាស់ ក៏កាន់តែជឿនលឿនទំនើបថែមទៀត។
ឯកឧត្តមបន្តថា ឆ្លើយតបនឹងស្ថានភាពនេះ កម្ពុជាដែលជារដ្ឋអធិបតេយ្យ ក៏ដូចជាប្រទេសផ្សេងៗទៀតដែរ ចាំបាច់ត្រូវមានការអភិវឌ្ឍពង្រឹងបន្ថែមខឿនការពារជាតិរបស់ខ្លួន តាមរយៈការធ្វើកំណែទម្រង់ និងទំនើបកម្ម កងយោធពលខេមរភូមិន្ទជាបន្តបន្ទាប់ ដើម្បីធានានិរន្តរភាព នៃសមត្ថភាពការពារសុខសន្តិភាព នៅក្នុងប្រទេសរបស់ខ្លួន ដែលការពង្រឹងវិស័យការពារជាតិនេះ មិនមែនសំដៅដើម្បីគំរាមកំហែង ឬឈ្លានពានអ្នកណាឡើយ។
កំណែទម្រង់កងយោធពលខេមរភូមិន្ទ បានធ្វើឡើងបន្តិចម្តងៗ រយៈពេលជាង៤០ឆ្នាំមកហើយ និងកាន់តែមោះមុតខ្លាំងឡើង នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ (២០១៨-ឆ្នាំ២០២៣) ដោយមានការកែសម្រួលផ្តោតសំខាន់លើ៣ចំណុច ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនោះរួមមាន៖ ទី១.ការកែសម្រួលរចនាសម្ព័ន្ធ និងរបៀបរបបការងារ, ទី២.ការហ្វឹកហ្វឺន និងកសាងសមត្ថភាពកងទ័ព និងទី៣. ការងារបំពាក់គ្រឿងយុទ្ធោបករណ៍ទាន់សម័យ ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន។

អ្នកនាំពាក្យក្រសួងការពារជាតិ បានគាំទ្រចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដោយជំរុញឱ្យក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និងអង្គភាពក្រោមចំណុះ បន្តធ្វើកំណែទម្រង់កងទ័ព ដោយផ្តោតលើ៣ចំណុចខាងលើនេះបន្តទៀត ដើម្បីធានាដល់និរន្តរភាពសមត្ថភាព ការពារជាតិរបស់កម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា កន្លងទៅ ពាក់ព័ន្ធនឹងការកែសម្រួល រចនាសម្ព័ន្ធ និងរបៀបរបបការងារ ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ជាពិសេសកងទ័ពជើងគោក បានខិតខំអនុវត្តយ៉ាងសកម្ម ជាក់ស្តែងដូចជាការផ្ទេរកម្លាំងថ្មើរជើងទាំងអស់មកនៅក្រោមចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ការរៀបចំបណ្តាអង្គភាពមួយចំនួនឱ្យស្របតាមតម្រូវការភារកិច្ច និងហានិភ័យថ្មី ការបង្កើតកម្លាំងសង្គ្រោះគ្រោះមហន្តរាយតាមបណ្តាយោធភូមិភាគ ការបង្កើតកងប្រឆាំងភេរវកម្មដើម្បីឆ្លើយតបការគំរាមកំហែងដល់សន្តិសុខប្រភេទថ្មី ការរៀបចំពង្រឹងកងដោះមីនដើម្បីចូលរួមប្រតិបត្តិការដោះមីនជាដើម។
សូមបន្តគាំទ្រចំពោះប្រសាសន៍របស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលបានលើកឡើងថា «សភាពការណ៍ប្រែប្រួល សភាពការណ៍វិវឌ្ឍន៍ បច្ចេកវិទ្យាវិវឌ្ឍន៍ យុទ្ធវិធីវិវឌ្ឍន៍ ទាមទារឱ្យកងកម្លាំងរបស់យើងត្រូវវិវឌ្ឍន៍ផងដែរ យើងមិនអាចប្រយុទ្ធនៅក្នុងសង្គ្រាមអនាគត ផ្អែកលើយុទ្ធវិធីអតីតកាលនោះទេ»។
ក្រៅពីការកែសម្រួលរចនាសម្ព័ន្ធ ក្រសួងការពារជាតិកម្ពុជា ក៏បានខិតខំពង្រឹងសមត្ថភាពកងទ័ពតាមរយៈការហ្វឹកហ្វឺនក្នុងប្រទេស និងការបញ្ជូនសិក្ខាកាមទៅសិក្សានៅក្រៅប្រទេស។ ជាក់ស្តែងឆ្នាំ២០២៣កន្លងទៅ កម្ពុជាបានបន្តធ្វើការហ្វឹកហ្វឺនវគ្គឆ្នាំចាស់ និងអនុវត្តផែនការហ្វឹកហ្វឺនឆ្នាំ២០២៣ សរុប៣៨៦វគ្គ ស្មើនឹង ៤០ ២៨១នាក់ និងបានបញ្ជូនសិក្ខាកាមទៅសិក្សាក្រៅប្រទេស ២ ០១២នាក់ផងដែរ។ បន្ថែមពីនេះក៏មានការសហការហ្វឹកហ្វឺនដកបទពិសោធន៍ជាមួយបណ្តាប្រទេសដៃគូ ក្នុងនោះមាន៖ ការធ្វើសមយុទ្ធនាគមាស២០២៣, សមយុទ្ធផ្នែកសុខាភិបាលទេវតាសន្តិភាពឆ្នាំ២០២៣ និងលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលាន សកម្មភាពមីនមនុស្សធម៌ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក, ការបញ្ជូនកម្លាំងកងយោធពលខេមរភូមិន្ទទៅចូលរួមសមយុទ្ធពហុសាសន៍រួមដែល មានឈ្មោះថា «សន្តិភាព មិត្តភាព AMAN YOUYI 2023» ជាដើម។
អ្នកនាំពាក្យក្រសួងការពារជាតិ បានៅបញ្ជាក់ថា យើងខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានលើកឡើងថា «ការធានានូវសមត្ថភាពបច្ចុប្បន្នជាកត្តាសំខាន់ ប៉ុន្តែអ្វីដែលជាកត្តាសំខាន់ជាងនេះទៅទៀត គឺការធ្វើឱ្យមាននិរន្តរភាព និងចីរភាព នៃសមត្ថភាព និងការបង្កើនជាប្រចាំនូវសមត្ថភាពកងទ័ពយើងទៅថ្ងៃអនាគត រាប់រយឆ្នាំទៅមុខទៀត»។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបានផ្តល់ការលើកទឹកចិត្តដល់យោធាចារ្យនៅតាមសាលាកងទ័ព។
ការខិតខំធ្វើទំនើបកម្មកងទ័ពរបស់កម្ពុជា មិនមែនត្រឹមតែថែរក្សាសន្តិសុខក្នុងប្រទេសនោះទេ ប៉ុន្តែក៏បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិផងដែរ។ គិតចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ចំនួន ៩ ១៩៥នាក់ ទៅកាន់១០ប្រទេស៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល សាយប្រឹស យ៉េមែន និងកុងហ្គោជាដើម។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ សូមបន្តបញ្ជាក់ឡើងវិញថា កម្ពុជាគោរពតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ដោយមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីរបស់ខ្លួននោះទេ ហើយក៏មិនបញ្ជូនកងកម្លាំងទៅក្រៅប្រទេសដែរ លើកលែងតែតាមរយៈអង្គការសហប្រជាជាតិតែប៉ុណ្ណោះ៕
ដោយ៖ពលជ័យ






