បារាំងសង្កត់ធ្ងន់ពីសម្ព័ន្ធយោធាដ៏រឹងមាំ មិនធ្លាប់មាន ជាមួយឥណ្ឌា
ញូវដេល្លី៖ ប្រធានាធិបតីនៃប្រទេសបារាំង លោក ម៉ាក្រុង បានសង្កត់ធ្ងន់លើសម្ព័ន្ធភាពការពារជាតិដដ៏រឹងមាំ មិនធ្លាប់មានពីមុនមក ជាមួយនឹងប្រទេសឥណ្ឌា អំឡុងដំណើរទស្សនកិច្ច នៅទីក្រុងញូវដេល្លី។
ប្រធានាធិបតីបារាំង លោក អេម មែននូអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងទៅកាន់សហគមន៍បារាំងនៅឥណ្ឌា កាលពីថ្ងៃសុក្រថា ប្រទេសបារាំង និងឥណ្ឌានឹងបន្តបង្រួបបង្រួម «សម្ព័ន្ធភាពការពារជាតិមិនធ្លាប់មាន ពីមុនមក» ដែលប្រទេសទាំងពីរបានបង្កើតឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំ ថ្មីៗនេះ។
កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីបារាំង លោក អេម មែននូអែល ម៉ាក្រុង ក៏បានអញ្ជើញទៅដល់កន្លែងបញ្ចុះសពរបស់អ្នកប្រាជ្ញឥណ្ឌា ណៃហ្សាមូឌីន (Nizamuddin) ដែលជាទីគោរព សក្ការបូជា ស្ថិតនៅក្នុងទីក្រុង ញូវ ដេល្លី ខណៈដែលប្រទេសឥណ្ឌាប្រារព្ធខួបលើកទី ៧៥ នៃ«ទិវាសាធារណរដ្ឋ» ហើយប្រទេសបារាំងកំពុងសម្លឹងមើល «ដំណោះស្រាយផ្តល់ផលចំណេញ» ជាមួយប្រទេសឥណ្ឌា។
បើតាមសេចក្តីថ្លែងការណ៍រួមស្តីពីដំណើរទស្សនកិច្ចនេះ ក៏បានប្រកាសឲ្យដឹងដែរថា លោក ម៉ាក្រុង និងមេដឹកនាំឥណ្ឌា អំឡុងការជួបពិភាក្សាគ្នា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ «ឧស្សាហកម្មការពារជាតិ»។
ជុំវិញការលើកឡើងពីសម្ព័ន្ធភាពការពារជាតិដ៏រឹងមាំជាមួយឥណ្ឌា លោក ម៉ាក្រុង បានជំរុញឱ្យមានការចូលរួមនៃឥទ្ធិពលរបស់បារាំង កាន់តែច្រើន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បារាំងក៏សង្ឃឹមថា នឹងបង្កើតកិច្ចសន្យាយោធារបស់ខ្លួនជាមួយឥណ្ឌា ដែលជាអ្នកទិញយន្តហោះចម្បាំង រ៉ាហ្វាឡេ (Rafale) និងនាវាមុជទឹកប្រភេទ ស្ក ភៀន (Scorpene) ផលិតនៅប្រទេសបារាំង ក្នុងកិច្ចព្រមព្រៀង ដែលមានតម្លៃរាប់ពាន់លានដុល្លារ។
ឥណ្ឌាកំពុងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងបានស្នើសុំជំនួយពីបារាំង ដើម្បីពង្រីកឧស្សាហកម្មការពារជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យប្រទេសនេះធ្វើពិពិធកម្ម «ការទិញអាវុធ» លើសពីប្រទេសរុស្ស៊ី ដែលធ្លាប់តែជាអ្នកផ្គត់ផ្គង់ជាប្រចាំរបស់ខ្លួន ទៀតផង។
សម្រាប់ដំណើរទស្សនកិច្ចលើកនេះ លោកប្រធានាធិបតី ម៉ាក្រុង កាលពីថ្ងៃសុក្រ ក៏ត្រូវបានទទួលស្វាគមន៍ពីក្បួនដង្ហែរយោធាប្រចាំឆ្នាំ ដែលពោរពេញដោយភាពរីករាយ របស់ប្រទេសឥណ្ឌាទៀតផង។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររបស់បារាំងជាមួយ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីប្រាំរបស់ពិភពលោក មួយនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



