ព្រឹកមិញ! កូរ៉េខាងជើងបាញ់ម៉ីស៊ីល Cruise ជាច្រើនគ្រាប់ នេះបើតាមយោធាក្រុងសេអ៊ូល

សេអ៊ូល៖ យោធារបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងទើបបានបាញ់មីស៊ីលឆ្លងទ្វីប (Cruise) ជាច្រើនគ្រាប់ កាលពីព្រឹកថ្ងៃអាទិត្យនេះ ដែលជាការបាញ់ លើកចុងក្រោយបំផុត នៃការបង្កើនភាពតានតឹង ដោយរដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ មួយនេះ។

ម៉ីស៊ីល Cruise គឺជាប្រភេទម៉ីស៊ីលដែលប្រើក្នុងប្រតិបត្តិការយោធា ដែលត្រូវបានរចនាឡើង ដើម្បីបញ្ជូនក្បាលគ្រាប់ដ៏ធំក្នុងរយៈចម្ងាយឆ្ងាយ ជាមួយនឹងភាពជាក់លាក់ខ្ពស់។ ម៉ីស៊ីល Cruise ទំនើប មានសមត្ថភាពធ្វើដំណើរក្នុងល្បឿនដ៏លឿន អាចរុករកកម្មវុត្ថុដោយខ្លួនឯង ហើយអាចហោះលើគន្លង ដែលមានរយៈកម្ពស់ទាបបំផុតផងដែរ។

ការបាញ់បង្ហោះ នាព្រឹកថ្ងៃទី២៨ ខែមករានេះ ត្រូវបានធ្វើឡើង នៅរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រលឿង ដែលខ្លួនបាននិយាយថា គឺជាការសាកល្បង លើកដំបូង នៃម៉ីស៊ីល Cruise ជំនាន់ថ្មី។

រដ្ឋបាលក្រុងព្យុងយ៉ាងបានពន្លឿនការធ្វើតេស្តអាវុធ ក្នុងឆ្នាំថ្មីនេះ រួមទាំងការសាកល្បងនូវអ្វីដែលខ្លួនហៅថា «ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក» និង «កាំជ្រួចមីស៊ីលបាលីស្ទីកលឿនជាងសំឡេងដែលមានឥន្ធនៈរឹង»។

អគ្គសេនាធិការចម្រុះ ហៅកាត់ JCS របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យោធារបស់យើងបានរកឃើញកាំជ្រួចធ្វើដំណើរ ដែលមិនស្គាល់អត្តសញ្ញាណជាច្រើនគ្រាប់ ត្រូវបានបាញ់នៅជិតដែនទឹក ជុំវិញតំបន់ Sinpo របស់កូរ៉េខាងជើង នៅវេលាម៉ោង ៨ព្រឹក ថ្ងៃនេះ» ។

JCS បានអះអាងទៀតថា ការបាញ់បង្ហោះនេះគឺស្ថិតនៅក្រោមការវិភាគ ដោយអាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ប្រភពបានបន្ថែមថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ នូវចលនា និងសកម្មភាពបន្ថែម របស់កូរ៉េខាងជើង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner