សេដ្ឋកិច្ចស៊ុយអែត ធ្លាក់ចុះ ០.៣ភាគរយ ក្នុងឆ្នាំ ២០២៣
ស្តុកខុល៖ ស្ថិតិផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសស៊ុយអែត ធ្លាក់ចុះចំនួន ០.៣ភាគរយ ក្នុងឆ្នាំ ២០២៣។
ស៊ុយអែតជាប្រទេសមួយ ក្នុងចំនោមសមាជិកប្លុកអឺរ៉ុបទាំង ២៧ ដែលបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៣ ប៉ុន្តែបានកើនឡើងវិញ ០.១ភាគរយនៅចន្លោះខែតុលា ដល់ខែធ្នូ។
ស៊ុយអែតកំពុងតស៊ូជាមួយអតិផរណាដ៏ខ្ពស់ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក៏ដូចជាការធ្លាក់ចុះរូបិយបណ្ណជាតិ (ក្រូណា) ដែលជំរុញឱ្យធនាគារកណ្តាលបង្កើនអត្រាការប្រាក់របស់ខ្លួនជាបន្តបន្ទាប់ដល់ ៤ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ។
ធនាគារកណ្តាលស៊ុយអែត (Swedbank) បានបញ្ជាក់យោងលើរបាយការណ៍របស់សេដ្ឋវិទូថា សេដ្ឋកិច្ចស៊ុយអែតបន្តធ្លាក់ចុះ ហើយថា តួលេខផលិតផលសរុបក្នុងស្រុក (GDP) ប្រចាំឆ្នាំ គឺដូចតាមការរំពឹងទុក។
ធនាគារនេះបន្ថែមថា ទិន្នន័យប្រចាំខែបង្ហាញថា សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបន្តធ្លាក់ចុះបន្តិច ក្នុងអំឡុងត្រីមាសទី៤ ជាមួយនឹងតួលេខលក់រាយចុះខ្សោយនៅខែវិច្ឆិកា ០.២ភាគរយ និងខែធ្នូ ០.២ភាគរយ។
សម្រាប់ឆ្នាំ ២០២៤នេះ ធនាគារកណ្តាលស៊ុយអែតព្យាករណ៍ថា អត្រាអតិផរណានឹងថយចុះមកត្រឹម ៤.៤ភាគរយ ហើយសេដ្ឋកិច្ចប្រទេសអឺរ៉ុបនេះ នឹងធ្លាក់ចុះម្តងទៀតចំនួន ០.២ភាគរយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

