រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បានបង្កជាកង្វល់និងក្តីបារម្ភ សម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជាបានគូសបញ្ជាក់ថា ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បន្ថែមទៅលើបញ្ហាប្រឈមដែលកំពុងរ៉ាំរ៉ៃនិងជាន់គ្នា បានបង្កជាកង្វល់ និងក្តីបារម្ភ សម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក។

នៅក្នុងបរិបទនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ានបន្ថែមទៀត និងការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន ដើម្បីកសាងទំនុកចិត្តយុទ្ធសាស្ត្រ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូ កាន់តែស៊ីជម្រៅ ដើម្បីរក្សានិងលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងនិងក្រៅតំបន់។ ចំពោះបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ការតែងតាំងឯកឧត្តម អាលួនកែវ កិត្តិឃួន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ាសម្រាប់ឆ្នាំ២០២៤ និងគំនិតផ្តួចផ្តើមគន្លឹះរបស់ឡាវក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលនឹងរួមចំណែកដោយស្ដាប់នាដល់ដំណើរការសន្តិភាពដែលម្ចាស់ការ និងដឹកនាំ ដោយមីយ៉ាន់ម៉ា។

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍គំនិតផ្តួចផ្តើមរបស់ថៃ និងមីយ៉ាន់ម៉ា ក្នុងការបង្កើនជំនួយមនុស្សធម៌ដល់ប្រជាជនដែលរងផលប៉ះពាល់នៅតាមតំបន់ព្រំដែន ដោយមានមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះ មហន្តរាយ (មជ្ឈមណ្ឌល AHA) ចូលរួមក្នុងដំណើរការត្រួតពិនិត្យ។

ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម និងឯកឧត្តម ប៉ានត្រី ផាហ៊ុតថានុកន ឧបនាយកមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាដែលជាផលប្រយោជន៍និងកង្វល់រួម៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner