ស្រូវប្រាំងស្រុកកំពង់ត្រាច អស់ក្តីបារម្ភលើបញ្ហាទឹកស្រោចស្រព

កំពត៖ លោក ង៉ែត សុផល អភិបាលរងស្រុកកំពង់ត្រាច ខេត្ត កំពតបានឱ្យដឹងថា ស្រូវប្រាំងដើមរដូវឆ្នាំ២០២៤ នេះកសិករ អនុវត្ត បានជាង២ពាន់ហិកតានៅក្នុងឃុំចំនួន៦ ។

លោកបន្តថា ដោយសារកត្តាអាកាធាតុ និងគ្មានភ្លៀងកក់ខែ ស្រូវប្រាំងក្នុងឃុំចំនួនពីរ បានជួបកង្វះទឹក ។ប៉ុន្តែក្រោយ ពេលមានការចូលរួមអន្តរាគមន៍ពីមន្ទីរជំនាញពាក់ព័ន្ធ មក ដល់ពេលនេះ អាជ្ញាធរស្រុក និងកសិករ អស់ក្តីបារម្ភពី បញ្ហា កង្វះទឹកស្រោចស្រពទៀតហើយ។

លោកអភិបាលរងស្រុកកំពង់ត្រាចលើកឡើងថា  ដោយសារ ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ពិសេស ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តកំពត ក្នុងជួយស្តារប្រឡាយកាវវ៉ាក់ដែលនាំទឹកពីព្រែក អន្សាស្រុកបន្ទាយមាសមកចែកជូនប្រជាកសិករនៅស្រុកកំពង់ត្រាចទើបធ្វើឱ្យកសិករអាចធ្វើស្រែប្រាំងដើមរដូវបានច្រើន។ លោកបានបន្តថា តាមផែនការផ្ទៃដីត្រូវបង្កបង្កើនផលស្រូវ ប្រាំងមានចំនួន ១ ៣០០ហិកតានៃឃុំចំនួន៦ដែលជាប់ប្រព័ន្ធ ស្រោចស្រព ។ ប៉ុន្តែការអនុវត្តជាក់ស្តែងបានដល់រហូត ២ ៣៩២ហិកតា ស្មើ១៨៤%នៃផែនការ។

ដោយសារកត្តាអាកាសធាតុ ក្តៅហួតហែង គ្មានភ្លៀងកក់ខែ ធ្វើឱ្យទឹកក្នុងប្រឡាយរីងស្ងួតហើយដំណាំស្រូវប្រាំងនៅ ក្នុងឃុំចំនួន២ប្រឈមនឹងកង្វះខាតទឹកស្រោចស្រព។ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ ពីឯកឧត្តមអភិបាលខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានចុះសិក្សាវាយតម្លៃ និងធ្វើការបូមទឹកជូនប្រជាពលរដ្ឋសង្គ្រោះ ដំណាំស្រូវប្រាំង បានទាន់ពេលវេលា។

យ៉ាងណាក៏ដោយដើម្បីរក្សាប្រភពទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការចិញ្ចឹមសត្វក្នុងករណីដែលគ្មានភ្លៀងកក់ ខែនា ពេលខាងមុខនេះ មន្ទីរជំនាញធនធានទឹក និងឧតុនិយម ស្នើសុំឲ្យពលរដ្ឋកាត់បន្ថយការធ្វើស្រូវប្រាំងលើកទី២  ពិសេស តំបន់នៅឆ្ងាញពីប្រភពទឹក៕
អត្ថបទនិងរូបភាព៖ សិលា សារិន

ads banner