សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួង និងស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក ។ការធ្វើនេះគឺដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក ។ ការណែនាំនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យបង្វែរអ្នកទិញសាច់បង្កកទៅផ្សារភ្ជាប់ ជាមួយប្រជាពលរដ្ឋចិញ្ចឹមសត្វវិញ និងណែនាំដល់​ក្រសួងកសិកម្មជួយកសិករឱ្យផលិតដែលចំណាយថ្លៃដើមទាប ហើយរក្សាស្ថេរភាពលក់នៅលើទីផ្សារ និងត្រូវពង្រឹងទីផ្សារចាស់ គុណភាព និងតម្លៃ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីចង់ឃើញការពង្រឹងការវិនិយោគក្នុងស្រុកលើវិស័យកសិកម្ម ដើម្បីធ្វើការ​នាំចេញទៅក្រៅប្រទេស។

សូមរម្លឹកថា ចំពោះអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្ត​ទុកដាក់លើ​ការងារផលិតកម្មសត្វ ទាំងលក្ខណៈគ្រួសារ និងពាណិជ្ជកម្ម សំដៅធានាការផ្គត់ផ្គង់សាច់ និងផលិតផលសត្វមានគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់បំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២៣ ផលិតកម្មសត្វសរុបមានអត្រាកំណើន ចំនួន ២,១ភាគរយធៀបឆ្នាំ២០២២៕ដោយ៖ពលជ័យ

រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner