គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បដិសេធចំពោះការចុះផ្សាយរបស់ The Cambodia Dally Khmer

គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញនិងតាមដានបណ្ដាញព័ត៌មានសង្គម មានគណនីហ្វេសប៊ុកឈ្មោះ The Cambodia Dally Khmer បានចុះផ្សាយនូវអត្ថបទមួយ “ឧកញ៉ា ជ័យ កំពុងម៉ៅការកាប់ឈើខុសច្បាប់ឱ្យក្រុមហ៊ុនកូរ៉េ T.S.M.W លើផ្ទៃដីជិត១ម៉ឺនហិកតាក្នុងខេត្តស្ទឹងត្រែង។

អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បញ្ជាក់ថា តាមសេចក្តីរាយការណ៍របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាសមាជិកនៃគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងយោងតាមឯកសារគតិយុត្តស្របច្បាប់របស់ក្រុមហ៊ុន ហឺរ៉ាយហ្សិន អេហ្គ្រីខលឈ័រ ឌីវេឡុបមេន បានទទួលសំណងនូវផ្ទៃទំហំ ៩.៧៩៩ហិកតា ៨៨៨សង់ទីអា ស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកបុរី អូរស្វាយសែនជ័យ ឃុំល្ពៅ ឃុំសាមឃួយ ឃុំស្រែគរ ស្រុកសេសាន និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្រុមហ៊ុន ហឹរ៉ាយហ្សិន អេហ្គ្រីខលឈ័រ ឌីវេឡុបមេន បានផ្ទេរទំហំដីខាងលើ ប្រគល់សិទ្ធិឱ្យក្រុម ហ៊ុន ធី.អេស.អិម.ដាប់ប៊ែលយូ ឯ.ក និងមានលិខិតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លិខិតអនុញ្ញាត “LP” ពីរដ្ឋបាលព្រៃឈើកណ្តាល ប្រមូលផល អនុផលព្រៃឈើ កែច្នៃ បង់សួយសារជូនរដ្ឋតាមការកំណត់។ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក៏បានបញ្ជាក់ថា ក្រុមហ៊ុននេះ មិនមែនប្រមូលផលអនុផលព្រៃឈើខុសច្បាប់ ដូចការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Dally Khmer នោះទេ។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិសូមស្វាគមន៍រាល់ការផ្តល់ព័ត៌មានអំពីបទល្មើសធនធានធម្មជាតិ និងការបញ្ចេញមតិដើម្បីស្ថាបនា ក្នុងគោលដៅរក្សាបានគង់ វង្សនូវធនធានធម្មជាតិយើងទាំងអស់គ្នា៕

ads banner