រដ្ឋមន្រ្តីក្រសួងអធិការកិច្ចទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន អែរ៉ាក្លេស ដែលមានគម្រោងមកវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោក សាលវ៉ាទ័រ ហ្វូណារី (Salvatore FURNARI) ប្រធានក្រុមហ៊ុន អែរ៉ាក្លេស(HERACLES GROUPE )ដែលផ្តល់សេវាផ្នែកសន្តិសុខឯកជនកម្រិតអន្តរជាតិ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួងអធិការកិច្ច។

ក្នុងជំនួបឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំងដោយប្រទេសទាំងពីរបានឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត និងបានជម្រាបជូនអំពីទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យយ៉ាងត្រចេះត្រចង់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំងកាលពីថ្ងៃទី ១៨-១៩ ខែមករាកន្លងទៅថ្មីៗនេះ។

ចំណែកលោកប្រធានក្រុមហ៊ុន HERACLES GROUPE បានរាយការណ៍អំពីស្ថានភាពរបស់ក្រុមហ៊ុន និងគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនភ្ញៀវថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍសង្គមជាតិ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងទេសចរធុរកិច្ច។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រការវិនិយោគបរទេស ដែលរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនការងារ និងចង់ឱ្យក្រុមហ៊ុន HERACLES GROUPEក្រៅពីការបោះទុនវិនិយោគលើវិស័យ សន្តិសុខឯកជនកម្រិត VIP វិស័យអប់រំ ក៏ដូចជាគម្រោងនៃការបង្កើតក្លិបអ្នកវិនិយោគទុនជាន់ខ្ពស់កម្រិតអន្តរជាតិ សូមឱ្យក្រុមហ៊ុនជួយទាក់ទាញក្រុមហ៊ុនពីបារាំង និងសហភាពអឺរ៉ុប មកដាក់ដាក់ទុកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតផងដែរ៕
ដោយ :ហេង សម្បត្តិ
