ប្រមុខការទូតកម្ពុជាគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣» នៅថ្ងៃទី១ និង២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ដោយផ្អែកលើការគោរព ការយោគយល់គ្នា និងការផ្តល់ផល ប្រយោជន៍ទៅវិញទៅមក ហើយបន្តធ្វើការជាមួយប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុបទាំងអស់ដើម្បីធានាថាការចូលរួមកម្រិតថ្នាក់ដឹកនាំជាទៀងទាត់នឹងនាំឱ្យទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ឈានដល់កម្រិតខ្ពស់ថ្មីថែមទៀត។

ស្របពេលមានការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រឈមជាមួយនឹងបញ្ហាសន្តិសុខមិនប្រពៃណីជាច្រើន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការនៃតំបន់ទាំងពីរត្រូវមានភាពប្រុងប្រយ័ត្ន រហ័សរហួន និងភាពធន់ តាមរយៈការរិះរកប្រភពធនធានថ្មីៗនៃកំណើន ប្រកបដោយចីរភាពនិងភាពរឹងមាំ ព្រមទាំងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំក្របខ័ណ្ឌ និងប៉ារ៉ាម៉ែត្រ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុបនាពេលអនាគត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការតភ្ជាប់ រួមមានតាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបស្តីពីការតភ្ជាប់ ព្រមទាំងការជំរុញសហថាមពលរវាងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជាមួយយុទ្ធសាស្ត្រតភ្ជាប់អឺរ៉ុប-អាស៊ី និងយុទ្ធសាស្រ្តច្រកទ្វារសាកល ជាពិសេសក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព នវានុវត្តន៍ផ្នែក ឌីជីថល និងការដឹកជញ្ជូនដោយរលូន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការបន្តគាំទ្រដល់មជ្ឈភាពអាស៊ាន និងយន្តការដឹកនាំដោយអាស៊ាន តាមរយៈការរួមចំណែកដល់កិច្ច ខិតខំប្រឹងប្រែងកសាងសហគមន៍ និងការអនុវត្តវិស័យអាទិភាពទាំង៤ នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក៕

ads banner