វេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ពីសារៈសំខាន់ដ៏ចម្បងនៃការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាង សហភាពអឺរ៉ុប អាស៊ាន និងបណ្តាប្រទេសប៉ាស៊ីហ្វិក

ភ្នំពេញ៖ វេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣ នៅថ្ងៃទី១ និង២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បានផ្តោតលើប្រធានបទចំនួន៣ ដែលមានសារៈសំខាន់បំផុតចំពោះតំបន់ទាំង២ រួមមាន៖ វិបុលភាពរួមគ្នា ភាពធន់នៃសេដ្ឋកិច្ចនិងការ វិនិយោគ អន្តរកាលបៃតង-ភាពជាដៃគូសម្រាប់អនាគតប្រកបដោយចីរភាព និងបញ្ហាប្រឈមនៃភូមិសាស្ត្រនយោបាយ និងសន្តិសុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចែករំលែកនូវទស្សនៈវិស័យអំពីភាពធន់នៃសេដ្ឋកិច្ច និងការវិនិយោគ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់ដ៏ចម្បងនៃការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាង សហភាពអឺរ៉ុប អាស៊ាន និងបណ្តាប្រទេសប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលមានភាព ស្មុគស្មាញ និងមិនអាចប៉ាន់ស្មានទុកជាមុន ដែលបង្កឡើងដោយជំងឺកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន ជម្លោះ នៅតំបន់ហ្គាហ្សា និងវិបត្តិនៅសមុទ្រក្រហម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃ ការវិនិយោគប្រកបដោយតុល្យភាព និងបរិយាប័ន្ន របស់សហភាពអឺរ៉ុបនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងភាពធន់នឹងអាកាសធាតុ ព្រមទាំងប្រើប្រាស់ឱ្យអស់នូវអត្ថប្រយោជន៍នៃបរិវត្តកម្មឌីជីថល និងបង្កើតបរិយាកាសធុរកិច្ចដែលអំណោយផលនិងអាចព្យាករណ៍បាន សំដៅជួយសម្រួលដល់ទំនាក់ទំនងសេដ្ឋកិច្ច។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដ៏សន្ធឹកសន្ធាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារជីវភាព ប្រជាជន និងទប់ស្កាត់វិបត្តិសេដ្ឋកិច្ច ក្នុងអំឡុងពេលជំងឺរាតត្បាត ដោយរក្សាបាននូវស្ថិរភាព និងបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយជោគជ័យ ព្រមទាំងបានអនុវត្តកំណែទម្រង់ ដើម្បីកសាងភាព ធន់ឱ្យកាន់តែខ្លាំង ប្រឆាំងនឹងវិបត្តិផ្សេងទៀត នាពេលអនាគត៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner