មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា៖ ការផ្តល់បទសម្ភាសន៍របស់ឈ្មោះ សុន ឆ័យ ដល់វិទ្យុ RFI និងឌឹ ខេមបូឌា ដេលី គឺជាការបកស្រាយដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ
ភ្នំពេញ៖ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ការផ្តល់បទសម្ភាសន៍របស់ឈ្មោះ សុន ឆ័យ ដល់វិទ្យុបារាំងអន្តរជាតិ RFI និងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី គឺជាការបកស្រាយដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ គ្មានមូលដ្ឋានផ្នែកច្បាប់ ប៉ះពាល់ដល់ស្ថាប័នតុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឈ្មោះ សុន ឆ័យ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ RFI ទាក់ទងនឹងការប្រកាសសាលដីការបស់តុលាការកំពូលសម្រេចផ្តន្ទាទោស និងបង្គាប់ឱ្យខ្លួនសងសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំពោះការប្រព្រឹត្តអំពើបរិហារកេរ្តិ៍ជាសាធារណៈ ដែលបានចោទប្រកាន់ដោយ ចេតនាទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្តលើគណបក្សប្រជាជនកម្ពុជា ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ តមកនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានចុះផ្សាយអត្ថបទដែលមានចំណងជើងថា « លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង១លានដុល្លារដើម្បីសងជំងឺចិត្តបក្សកាន់អំណាច»។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ពិនិត្យឃើញថា ការផ្តល់បទសម្ភាសន៍របស់ឈ្មោះ សុន ឆ័យ ខាងលើ គឺជាការបកស្រាយដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ គ្មានមូលដ្ឋានផ្នែកច្បាប់ ប៉ះពាល់ដល់ស្ថាប័នតុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់ គណបក្សប្រជាជនកម្ពុជា ក្នុងនាមជា ដើមបណ្តឹងរដ្ឋប្បវេណី។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់ជូនថា ការទាមទារសំណងជំងឺចិត្តនៃការខូចខាត ចំនួន ៤.០០០.០០០.០០០ (បួនពាន់លាន) រៀល គឺធ្វើឡើងដោយឈរលើមូលដ្ឋានផ្នែកច្បាប់ ភស្តុតាង និងទឡឹករណ៍ ច្បាស់លាស់ ព្រមទាំងឆ្លុះបញ្ចាំងពីទំហំនៃការខូចខាត ដែលមេធាវីតំណាងគណបក្សប្រជាជន បានបង្ហាញជូនតុលាការ ពិនិត្យ និងវាយតម្លៃពីទំហំព្យសនកម្មរួចហើយ ហើយតុលាការបានវិនិច្ឆ័យតាមអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា សូមគាំទ្រចំពោះសាលដីការបស់តុលាការកំពូល ដែលជាសេចក្តីសម្រេចចុងក្រោយ បិទផ្លូវតវ៉ា និងផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់ជូនថា នៅពេលដែលសេចក្តីសម្រេចរបស់តុលាការបានចូលជាស្ថាពរ ហើយទណ្ឌិតនៅតែមិនអនុវត្តកាតព្វកិច្ចសងសំណងជូនគណបក្សប្រជាជនកម្ពុជា ដែលជាដើមបណ្តឹងរដ្ឋប្បវេណីដោយស្ម័គ្រចិត្តទេនោះ ដើមបណ្តឹងរដ្ឋប្បវេណីមានសិទ្ធិទាមទារសំណងតាមរយៈវិធានការអនុវត្តដោយបង្ខំ ដោយរឹបអូស និងលក់ឡៃឡុងអចលនវត្ថុរបស់ទណ្ឌិត ដែលត្រូវបានតុលាការសម្រេចរក្សាការពាររួចហើយ។ ក្នុងការណ៏នៅតែពុំមានលទ្ធភាពសងសំណងជូនដើមបណ្តឹងរដ្ឋប្បវេណី គ្រប់ចំនួនតាមសេចក្តីសម្រេចរបស់តុលាការ នោះដើមបណ្តឹងរដ្ឋប្បវេណីមានសិទ្ធិស្នើសុំតុលាការចាត់វិធានការបង្ខំដល់រូបកាយទៅតាមច្បាប់៕
ដោយ៖ពលជ័យ

