ផ្ទុះគ្រាប់មីនដាច់ជើងបុរសម្នាក់នៅសំឡូត (Video Inside)
បុរសម្នាក់បានរងរបួសដាច់ជើងទាំងសងខាង ក្រោយការដើរជាន់គ្រាប់មីន នៅក្នុងចម្ការរមៀតរបស់ខ្លួន នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង៩កន្លះព្រឹកថ្ងៃទី៤កុម្ភៈ ស្ថិតនៅចម្ងាយពីបន្ទាត់ព្រំដែនខ្មែរ-ថៃ ប្រហែល ៣០០ម៉ែត្រ ត្រង់ចន្លោះប៉ុស្ដិ៍នគរបាលការពារព្រំដែនគោក «ចរិយា និងទីងមោង» ស្ថិតក្នុងភូមិភ្នំរៃ ឃុំតតោក ស្រុកសំឡូត បាត់ដំបង។
បុរសអាយុ៥៥ឆ្នាំ ឈ្មោះ ស៊ីម សុភាព ខណៈដើរជីកមើមរមៀតនៅក្នុងចម្ការរបស់ខ្លួន នាពេលនោះ ស្រាប់តែជាន់គ្រាប់មីនប្រភេទសញ្ញាលេខបូក ដែលកប់ក្នុងដីសេសសល់ពីសម័យសង្គ្រាម បណ្ដាលឱ្យផ្ទុះរបួសដាច់ជើងទាំងពីរ និងរបួសដៃខ្លះផង។
ជនរងគ្រោះត្រូវបានកម្លាំងនគរបាលវរសេនាតូចលេខ៣១០ ដែលប្រចាំការតាមប៉ុស្ដិ៍ជាប់ព្រំដែនខ្មែរ-ថៃ ជួយលើក និងសែងចេញពីចំណុចកើតហេតុ រួចដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ លោក អ៊ុក សារិន បានបញ្ជាក់ថា ដីចម្ការនៅតំបន់នោះ មានប្រជាពលរដ្ឋកាប់ឆ្ការដាំដំណាំរាល់ឆ្នាំ តែមិនធ្លាប់បានដោះមីនទេ ហើយក៏មិនធ្លាប់ប្រើប្រាស់ត្រាក់ទ័រភ្ជួរដីម្ដងណាដែរ ដោយប្រជាពលរដ្ឋប្រើប្រាស់ ត្រឹមចបកាប់ ដើម្បីកាប់ដីដាំដំណាំ ដែលភាគច្រើនពលរដ្ឋបាននាគ្នាដើមដាំរមៀត។
លោកបន្តថា ដីនៅតំបន់ក្បែរព្រំដែនកន្លែងនោះ មិនទាន់មានអង្គភាពកម្ចាត់មីន ធ្វើការបោសសំអាតគ្រាប់មីន ឬយុទ្ធភ័ណ្ឌដទៃទៀតនៅឡើយទេ។ លោកថា ប្រជាពលរដ្ឋចេះតែនាំគ្នាកាប់ឆ្ការដាំដំណាំរមៀតស្រឡះស្ទើរគ្រប់កន្លែងអស់ទៅហើយ។