ព្រលានយន្តហោះថ្មីសៀមរាប ជួយបង្កើនអ្នកធ្វើដំណើរមកពីក្រៅប្រទេស (Video Inside)
ការធ្វើដំណើររបស់មនុស្សមកពីក្រៅប្រទេសក្នុងខែមករា មានចំនួនជិត ៧០ម៉ឺននាក់ ដែលចំនួននេះត្រូវគេកត់សម្គាល់ថាកាន់តែមានតួលេខកើនឡើង។
មន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា បើប្រៀបធៀបនឹងខែធ្នូឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ ដែលជាប់គ្នានេះ, ការធ្វើដំណើរមកពីក្រៅប្រទេសមានការកើនឡើង ៤.៦០%។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ កែវ វណ្ណថន បានថ្លែងថា
អ្នកដំណើរបរទេសដែលចូលមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិ ផ្លូវគោគ ផ្លូវទឹក និងផ្លូវអាកាស នៅក្នុងខែមករា ឆ្នាំ២០២៤ មានចំនួន ៦៩ម៉ឺននាក់ ខណៈនៅក្នុងខែធ្នូ ឆ្នាំ២០២៣ អ្នកដំណើរបរទេសចូលមកកម្ពុជា ៦៦ម៉ឺននាក់។
លោកបានថ្លែងកត់សម្គាល់ថា បន្ទាប់ពីកម្ពុជាបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលអាចទទួលជើងយន្តហោះរយៈចម្ងាយឆ្ងាយ និងយន្តហោះខ្នាតធំ ដែលដឹកអ្នកដំណើរបរទេសនោះមក, អ្នកដំណើរមកពីប៉ែកខាងអឺរ៉ុប, ពីអាមេរិក មានកំណើនជាបន្តបន្ទាប់។
អ្នកនាំពាក្យដដែលបានបញ្ជាក់ថា រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជា បានធ្វើកិច្ចចរចាជាមួយបណ្តាញប្រទេសនានា ដោយបានចុះហត្ថលេខាជាបន្តបន្ទាប់ ភ្ជាប់ជើងហោះហើរត្រង់ ពីបណ្តាប្រទេសជិតឆ្ងាយនានា មកកាន់ប្រទេសកម្ពុជា បានចំនួនជិត ៥០ប្រទេសហើយ ជាពិសេសបណ្តាប្រទេសនៅប៉ែកអឺរ៉ុប អូស្តា្រលី ជប៉ុន ឥណ្ឌា ចិន កាណាដា និងអាមេរិកជាដើម ដើម្បីឲ្យប្រទេសទំាងនោះ តភ្ជាប់ជើងយន្តហោះហោះរបស់គេ ដោយត្រង់មកកាន់ខេត្តសៀមរាប៕