គណបក្សកម្លាំងប្រជាធិបតេយ្យ ថ្កោលទោសចំពោះបទសម្ភាសន៍របស់លោក សុន ឆ័យ និងគាំទ្រសាលដីការបស់តុលាការកំពូល
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃ គណបក្សកម្លាំងប្រជាធិបតេយ្យ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះលោក សុន ឆ័យ ដែលជាទណ្ឌិតដែលបានផ្តល់បទសម្ភាសន៍តាមរយៈវិទ្យុបារាំងអន្តរជាតិ (RFI) និងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលបានបកស្រាយមានចរិតលក្ខណៈកេងចំណេញនយោបាយ គ្មានមូលដ្ឋានផ្នែកច្បាប់ ប៉ះពាល់ដល់ស្ថាប័នតុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តន៍សិទ្ធិតាមផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។
គណបក្សកម្លាំងប្រជាធិបតេយ្យបានបន្តថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក សុន ឆ័យ បានធ្វើបទសម្ភាសន៍វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលកន្លងមក លោកតែងតែធ្វើសកម្មភាពនយោបាយញុះញង់ឱ្យអ្នកគាំទ្រធ្វើសកម្មភាពខុសច្បាប់ជាច្រើនដែលរូបលោក និងបក្សពួកបានបណ្ដុះនូវចិត្តគំនិតទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្តលើគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យខ្មែរនិងខ្មែរស្អប់គ្នា និយាយលាបពណ៌ បង្កើតការរើសអើងជាតិសាសន៍ជាដើម។
គណបក្សកម្លាំងប្រជាធិបតេយ្យ បានពិនិត្យឃើញថា ការទាមទារសំណងជម្ងឺចិត្តនៃការខូចខាតចំនួនបួនពាន់លានរៀលនេះ គឺធ្វើឡើងដោយឈរលើមូលដ្ឋានផ្នែកច្បាប់ ភស្តុតាង និងទឡឹករណ៍ច្បាស់លាស់ដូចដែលមេធាវីតំណាង គណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះដែរ។
គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រចំពោះសាលដីការបស់តុលាការកំពូលដែលជាសេចក្តីសម្រេចចុងក្រោយ បិទផ្លូវតវ៉ា និងផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជាក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ គណបក្សកម្លាំងប្រជាធិបតេយ្យ រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយម ចេញឱផុតពីព្រះរាជាណាចក្រកម្ពុជា និងសុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដេកចាំស៊ីប្រាក់ខែបរទេស យកលុយបរទេស ដែលនឹងកំពុងធ្វើសកម្មភាពនយោបាយទុច្ចរិតញុះញង់លាបពណ៌ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុងជាតិ ឆ្លៀតបម្រើនយោបាយឱ្យបរទេស ក្នុងគោលដៅដណ្តើមអំណាចតាមរូបភាពដោយខុសច្បាប់ ដែលត្រូវយកផ្ដន្ទាទោសដោយគ្មានការលើកលែង៕
