កម្ពុជា-ព្រុយណេ ប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Pengiran Kasmirhan Bin Pengiran Haji Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសព្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងព្រុយណេ លើវិស័យជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ និងវប្បធម៌។ លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរាជទូតក៏បានបញ្ជាក់ពីជំហរក្នុងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ការប្តេជ្ញារបស់ភាគីទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរាជទូត បានរំលឹកឡើងវិញនូវព្រះរាជទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ព្រះចៅ Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០២២ និងលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីរវាង សម្តេចធិបតី នាយករដ្ឋមន្រ្តី និងព្រះចៅ Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា កាលពីខែកញ្ញា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស



