អ្នកនាំពាក្យរាជរដ្ឋាភិបាលបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបដិសេធទាំងស្រុងចំពោះការអះអាងរបស់លោក ទាវ វណ្ណុលប្រធានគណបក្សភ្លើងទៀន មានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត។ ការលើកឡើងរបស់លោក ទាវ វណ្ណុល ពិតជាមានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតចូលមកដល់ ហើយនេះគឺជាការសម្តែងរបស់ លោក ទាវ វណ្ណុល ដើម្បីទាក់ទាញការអាណិតអាសូរពីសាធារណមតិប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ទាវ វណ្ណុល ត្រូវបានសារព័ត៌មាន Nikkei Asia របស់ជប៉ុនដកស្រង់សម្តីមកផ្សាយ និងផ្សាយបន្តដោយ វិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសាដោយខ្លឹមសារនៃបទសម្ភាសន៍នោះមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត។
តាមរយៈការដកស្រង់សម្តីរបស់សារព័ត៌មានទាំងពីរ លោក ទាវ វណ្ណុល បានអះអាងថា រាជរដ្ឋាភិបាលបានដាក់កាមេរ៉ានៅមុខផ្ទះរបស់លោក ដើម្បីឃ្លាំមើលសកម្មភាព២៤ម៉ោង។ លោក ទាវ វណ្ណុល ក៏បាននិយាយទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹងប្រជាធិបតេយ្យដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពលរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមប្រកាសបដិសេធទាំងស្រុងចំពោះការអះអាងរបស់ លោក ទាវ វណ្ណុល និងសូមបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិជ្រាបដូចខាងក្រោម៖
ទី១៖ គ្មានការដាក់កាមេរ៉ាដើម្បីឃ្លាំមើលសកម្មភាពរបស់ លោក ទាវ វណ្ណុល ដូចការអះអាងមួលបង្កាច់របស់គាត់ឡើយ។ កាមេរ៉ានានាដែលត្រូវបានបំពាក់នៅតាមទីសាធារណៈទូទាំងប្រទេស ក៏ដូចជានៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញគឺ ក្រោមមូលហេតុសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ជូនប្រជាពលរដ្ឋទូទៅតែប៉ុណ្ណោះ ហើយក៏គ្មានគោលការណ៍ដាក់កាមេរ៉ាដោយឡែកដើម្បីឃ្លាំមើលសកម្មភាពរបស់បុគ្គលណាមួយនោះឡើយ។
ទី២៖ ការអនុវត្តច្បាប់ត្រូវបានធ្វើឡើងចំពោះជនទាំងឡាយណា ដែលបានប្រព្រឹត្តល្មើសច្បាប់ដោយគ្មានការបែងចែកថា អ្នកនោះមានឋានៈ តួនាទីអ្វី ឬជាអ្នកនយោបាយនោះឡើយ។ នៅកម្ពុជាគ្មានទេអ្នកទោសនយោបាយគឺមានតែអ្នកនយោបាយដែលប្រព្រឹត្តខុសច្បាប់ហើយត្រូវបានច្បាប់ផ្តន្ទាទោស។
ទី៣៖ ការអនុវត្តច្បាប់គឺជាការងារសំខាន់ចាំបាច់ដើម្បីពង្រឹងនីតិរដ្ឋ។ នៅគ្រប់ប្រទេសទាំងអស់ ជាពិសេសក្នុងបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿន ការពង្រឹងនីតិរដ្ឋគឺជារឿងមិនអាចខ្វះបានដើម្បីឱ្យប្រជាធិបតេយ្យដំណើរការនិងរីកលូតលាស់ទៅមុខ។ គ្មានការគោរពច្បាប់ គ្មានប្រជាធិបតេយ្យ តែវាជាប្រភពនៃភាពអនាធិបតេយ្យទៅវិញទេ ពោលគឺប្រជាធិបតេ្យនិងសិទ្ធិសេរីភាពរបស់បុគ្គលត្រូវតែស្ថិតនៅក្រោមច្បាប់។
ទី៤៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភបំពាននាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់។
ទី៥៖ នៅកម្ពុជា ការបញ្ចេញមតិដែលស្ថិតនៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញដូចបានលើកឡើងខាងដើម និងការរិះគន់ដោយស្ថាបនា ត្រូវបានគោរពនិងធានាយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែ ការបញ្ចេញមតិដោយរំលោភបំពានលើអ្នកដទៃ ដែលត្រូវបានហាមដោយរដ្ឋធម្មនុញ្ញ គឺជាអំពើខុសច្បាប់ ហើយការអនុវត្តច្បាប់មិនត្រូវបានបកស្រាយថា ជាការបំបិទសិទ្ធិបញ្ចេញមតិ ឬការធ្វើទុក្ខបុកម្នេញឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល យល់ឃើញថា ការលើកឡើងរបស់ លោក ទាវ វណ្ណុល ពិតជាមានចេតនាអាក្រក់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតចូលមកដល់ ហើយនេះគឺជាការសម្តែងរបស់ លោក ទាវ វណ្ណុល ដើម្បីទាក់ទាញការអាណិតអាសូរពីសាធារណមតិប៉ុណ្ណោះ។ នេះគឺជាភស្តុតាងមួយ ដែលបញ្ជាក់ពីការបញ្ចេញមតិដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដែលច្បាប់រដ្ឋធម្មនុញ្ញបានហាមឃាត់។
ជាថ្មីម្តងទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិជ្រាបថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តការងារពីរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការដាក់ចេញគោលនយោបាយនិងយុទ្ធសាស្ត្រនានាដើម្បីពង្រឹងនីតិរដ្ឋនិងប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ នេះគឺជាគោលជំហរដ៏ម៉ឹងម៉ាត់ និងឥតងាករេរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕

