កម្ពុជាបើកថ្នាល អប់រំអេឡិចត្រូនិច ៖ សាលាឌីជីថល
ភ្នំពេញៈ ក្រសួង អប់រំ យុវជន និង កីឡា បានដាក់ឲ្យដំណើរការជាផ្លូវការនូវថ្នាលអប់រំ សាលាឌីជីថល ដែលជាគំនិតផ្តួចផ្តើមឆ្ពោះទៅរកឌីជីថលនីយកម្ម និងទំនើបកម្មក្នុងវិស័យអប់រំរបស់កម្ពុជា។ លើសពីវេទិកាសម្រាប់សិក្សាអនឡាញ សាលាឌីជីថលអនុញ្ញាតិឲ្សសិស្ស គ្រូបង្រៀន អ្នកជំនាញផ្នែកអប់រំ និងសាធារណៈជន ចែករំលែកចំណេះដឹងទៅកាន់អ្នកសិក្សាដទៃទៀត។ អ្នកប្រើប្រាស់អាចបើកមើលមេរៀន ឬបង្កើតមេរៀននៅលើថ្នាល់នេះដោយផ្ទាល់ និងដោយឥតគិតថ្លៃ។ ថ្នាលអប់រំនេះជាបណ្តុំនៃសៀវភៅ ឯកសាសិក្សា និងវីដេអូអប់រំ ទៅតាមកម្រិត ចាប់ ពី មត្តេយ្យ សិក្សា រហូត ដល់ ឧត្តម សិក្សា។
សាលាឌីជីថលនេះ ជួយសម្រួលដល់ការផ្លាស់ប្តូរគំនិត និងធនធានអប់រំ ដែលមានសារៈសំខាន់ក្នុងការបណ្តុះវប្បធម៌នៃការច្នៃប្រឌិត និងការរៀនសូត្រជាសហគមន៍។ ការដាក់ឱ្យដំណើរការថ្នាលអប់រំនេះ ស្របតាមចក្ខុវិស័យយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការអប់រំ ដែលជាផ្នែកមួយនៃគោល នយោបាយ រដ្ឋាភិបាល ឌីជីថល កម្ពុជា ឆ្នាំ ២០២៣-២០៣៥។
លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួង អប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់ពីអត្ថប្រយោជន៍នៃសាលាឌីជីថលថា
ក្នុង ន័យនេះ ក្រសួង អប់រំយុវជន និង កីឡាជឿជាក់ថា ថ្នាលនេះ ជាផ្នែក មួយ គាំទ្រដល់សិស្សានុ សិស្ស ក៏ដូចជាអ្នកគ្រូ និងសាធារណៈជនដែល មាន បំណង ការ សិក្សា និងរក ឯក សារ រៀន ពេញ មួយជីវិត អាច ប្រើ ប្រាស់ ថ្នាលមួយនេះ ។
មុនពេលដាក់ឲ្យដំណើរជាផ្លូវការកាលពីថ្ងៃទី៦ខែកុម្ភៈនេះ ក្រសួងអបរំ យុវជន និងកីឡា បានសាកល្បងថ្នាលនេះតាំងពីខែតុលាឆ្នាំ ២០២៣មក។ ក្នុងរយៈពេលនេះ មានអ្នកប្រើប្រាស់ថ្នាលនេះជាង៨ម៉ឺនដង ដែលក្រសួងអប់រំ ចាត់ទុកថា ជាជោគជ័យមួយ។
ក្រៅពីថ្នាលអប់រំថ្មីនេះ កម្ពុជាក៏មានកម្មវិធីស្វ័យសិក្សា MoEYS E-Learning ផងដែរដើម្បី ឆ្លើយ តប ទៅ នឹង តម្រូវ ការ ជាក់ ស្តែង នៃ ការ អភិវឌ្ឍន៍ វិស័យ អប់រំ នៅ កម្ពុជា ក្នុង បរិបទ នៃ បដិវត្តន៍ បច្ចេកវិទ្យា និងឧស្សាហកម្ម ៤.០។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានរំពឹងថានឹងជួយសិស្សានុសិស្សក្នុងការត្រៀមខ្លួនប្រឈមនឹងយុគសម័យឌីជីថល៕
ដោយៈ សែន ដាវិត