ថ្ងៃបើកឆាកឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៖ គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនាជាទ្រង់ទ្រាយធំ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ស្អែកនេះ គឺជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាមានរយៈពេល១៤ថ្ងៃ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សរុប ១៤ថ្ងៃ។ សម្រាប់ថ្ងៃឃោសនាបោះឆ្នោតដំបូងនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់នឹងធ្វើការឃោសនាជាទ្រង់ទ្រាយនៅតាមមណ្ឌលភូមិភាគ។

គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ការឃោសនាថ្ងៃដំបូង នៅមណ្ឌលភូមិភាគ១ រាជធានីភ្នំពេញ គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះនឹងធ្វើការជួបជុំឃោសនាបោះឆ្នោតនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅផ្លូវ ២០០៤ ដោយមានអ្នកចូលរួមប្រមាណជា១ម៉ឺននាក់។ បន្ទាប់មកនឹងបំបែកជា១៤ក្រុម ដើម្បីដង្ហែទៅតាមផ្លូវក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង១៤ខណ្ឌ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសូមលើកឡើងនៅសេចក្តីអំពាវនាវដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អង្គបោះឆ្នោត និងបេក្ខជន ព្រមទាំងតំណាងគណបក្សនយោបាយចូលរួមទាំងអស់គ្នាក្នុងការគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតប្រកបដោយក្រមសីលធម៌។ ជាពិសេសការហែរក្បួនឃោសនាសូមឲ្យមានភាពអធ្យាស្រ័យគ្នារវាងគណបក្សនយោបាយ និងគណបក្សនយោបាយ និងរវាងក្រុមអ្នកធ្វើក្បួនដង្ហែ និងប្រជាពលរដ្ឋដែលកំពុងតែរកស៊ីប្រកបមុខរបរប្រចាំថ្ងៃកុំឲ្យមានការរំខាន។

អ្នកនាំពាក្យ គ.ជ.ប បានបន្តថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតក៏សូមឲ្យពង្រឹងកម្លាំងក្នុងការថែទាំនៅក្បួនព្យុហយាត្រារបស់គណបក្សនយោបាយទាំងអស់ប្រកបដោយសេចក្តីសុខ សន្តិភាព ហើយគ្មានការប៉ះទង្គិចគ្នារវាងគណបក្សនយោបាយដែលដង្ហែក្បួន ហើយគ.ជ.ប គ្មានការបារម្ភអ្វីជាធំធេងទេ។ បារម្ភត្រង់ដែលថា ទី១.ទំហំនៃចំនួនអ្នកឃោលសនារាយការណ៍មកមិនបានត្រឹមត្រូវទៅតាមចំនួននៃការចូលរួម។ ពេលខ្លះរាយការណ៍ទំហំតូច ការចូលរួមធំធ្វើឱ្យផែនការនៃការរៀបចំការពារសន្តិសុខមិនបានម៉ត់ចត់ល្អ។ ទី២.រំខានដល់ជីវភាពនិងការរស់នៅ ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋប្រសិនបើក្បួនដង្ហែមិនគោរពទៅតាមតម្រាយផ្លូវ ទីតាំងដែលបានស្នើសុំមកដូចជាការកំណត់ទីជួបជុំគ្នា ការកំណត់តម្រាយផ្លូវ ហើយនឹងទីជុំគ្នាដើម្បីបែកគ្នាជាដើម បើសិនជាខុសទីកន្លែងដែលបានរាយការណ៍ គឺប៉ះពាល់ទៅដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សង្គម និងក៏អាចប៉ះពាល់ដល់កិច្ចការសណ្តាប់ធ្នាប់ និងសន្តិសុខផងដែរ៕
ដោយ៖ពលជ័យ

ads banner