នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ រួមគ្នាដោះស្រាយបញ្ហាជាប់គាំង២០ឆ្នាំ នៃតំបន់ OCA (Video Inside)
នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានរួមគ្នាដោះស្រាយបញ្ហាជាប់គាំង២០ឆ្នាំ នៃតំបន់សមុទ្ទត្រួតស៊ីគ្នា OCA ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងក្រុងបាងកក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជាប់គាំងដែលមិនអាចធ្វើឱ្យកម្ពុជា និងថៃទាញយកការធ្វើអាជីវកម្មលើតំបន់រ៉ែប្រេងកាត នៅក្នុងដែនសមុទ្ទប្រមាណ ២ទសវត្សមកនេះ ត្រូវបានលើកមកជជែកគ្នា កាលពីថ្ងៃទី៧កុម្ភៈ ដើម្បីទម្លាយនូវភាពទ័លច្រកទាំងនេះ។
កម្ពុជា និងថៃ បានអះអាងជាកម្មសិទ្ធិរៀងៗខ្លួន ក្នុងតំបន់ព្រំដែនទឹកត្រួតស៊ីគ្នា នៅក្នុងឈូងសមុទ្ទ។ ការអះអាងជាកម្មសិទ្ធិរៀងៗខ្លួននេះ បានធ្វើឱ្យតំបន់ ដែលគេជឿថាមានសំបូរដោយរ៉ែប្រេងកាត និងរ៉ែធម្មជាតិនានា ត្រូវស្ថិតជាប់គាំងមិនអាចឱ្យប្រទេសទាំង២ ស្វែងរកផលប្រយោជន៍បានឡើយ។
នៅក្នុងដំណើរទស្សនកិច្ចថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៤, នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានឯកភាពគ្នា ដើម្បីចាប់ផ្តើមគិតគូរអំពីការទាញផលរួមគ្នា នៅក្នុងតំបន់ដែនសមុទ្ទត្រួតស៊ីគ្នា OCA នោះហើយ។
ប៉ុន្តែទន្ទឹមនឹងប្រមុខដឹកនាំ នៃប្រទេសកម្ពុជា បានគិតគូរជុំវិញការទាញយកផលប្រយោជន៍នោះ, មេខ្លោងធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក បានលើកឡើងថា វាជាអំពើក្បត់ជាតិ បើសិនជារាជរដ្ឋាភិបាលខ្មែរ ហ៊ានធ្វើកិច្ចការទាំងនេះជាមួយនឹងប្រទេសថៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍មួយនៅចំពោះមុខមន្ត្រីរាជការ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី៨កុម្ភៈ បានថ្លែងបកស្រាយបញ្ជាក់មកវិញថា ត្រកូលហ៊ុន មិនមែនជាត្រកូលក្បត់ជាតិនោះទេ។
តំបន់ដែនសមុទ្ទត្រួតស៊ីគ្នា OCA ជាតំបន់ដែលមានទំហំ ២ម៉ឺន ៧ពាន់គីឡូម៉ែត្រក្រឡា។ ការវាយតម្លៃមុននេះ បាននិយាយថាតំបន់ដែលត្រួតស៊ីគ្នានោះ នឹងអាចផ្ទុកឧស្ម័ន្ធធម្មជាតិដល់ ១១ទ្រីលានហ្វីតគីប។