សមត្ថកិច្ចទម្លាយអាថ៌កំបាំងពាក់ព័ន្ធនឹងរឿងមេធាវីបាញ់ស្ត្រីលក់អនឡាញ (Video Inside)
សមត្ថកិច្ចនគរបាលបានថ្លែងថា គេកំពុងតាមដានស្វែងរកមូលហេតុជាបន្ថែមទៀត ពាក់ព័ន្ធនឹងករណីមេធាវីម្នាក់ ដែលបាញ់សម្លាប់ស្ត្រីជាអតីតសង្សារ និងក្រោយមកបានយកកាំភ្លើងនោះ បាញ់ចំក្បាលរបស់ខ្លួន ដើម្បីធ្វើអត្តឃាត។
ហេតុការណ៍បានកើតឡើងវេលាម៉ោងប្រមាណ ៨យប់នៅលើផ្លូវ១៩៦៦, ភូមិទំនប់, សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ចបានរៀបរាប់ថា មេធាវីឈ្មោះ ទូច វឌ្ឍនៈ អាយុ៣២ឆ្នាំ បានបើករថយន្តពណ៌ខ្មៅដេញតាមពីក្រោយរថយន្តពណ៌ស ដែលបើកបរដោយស្ត្រីអាយុ២៦ឆ្នាំ ឈ្មោះ ឯម សុវីដែត មុខរបរជាអ្នកលក់គ្រឿងក្រអូប Online ដែលកំពុងជិះរថយន្តពណ៌សនោះ ជាមួយម្តាយស្ថិតលើផ្លូវ១៩៦៦។
រថយន្តពណ៌ខ្មៅរបស់មេធាវីនោះ បានបិទផ្លូវមិនឱ្យស្ត្រី និងម្តាយនៅលើឡានបត់ចូលក្នុងបុរីឡើយ។ ស្ត្រីនោះ បានបើករថយន្តហួសទៅមុខបន្តិច និងបានឈប់នៅលើផ្លូវ ខណៈរថយន្តពណ៌ខ្មៅ បានបើកមកឈប់ពីខាងក្រោយ។ ស្ត្រីរូបនោះ បានចុះពីលើឡាន គ្រាដែលបុរសម្ចាស់ឡានពណ៌ខ្មៅ ក៏បានបើកទ្វារចេញមកហើយ យកកាំភ្លើងខ្លី បាញ់ចំនួន ៤គ្រាប់ បណ្តាលឱ្យនាងបានស្លាប់…ចំណែកបុរសនោះ បានយកកាំភ្លើងដដែលនោះ បាញ់សៀតផ្កាខ្លួនឯងចំនួនមួយគ្រាប់ ប៉ុន្តែមិនទាន់បានស្លាប់នៅឡើយទេ និងកំពុងត្រូវបានគេសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។
ម្តាយរបស់ស្ត្រីរងគ្រោះ បានថ្លែងថាហេតុការណ៍ដែលកើតឡើងនេះ គឺបណ្តាលមកពីកូនស្រីរបស់គាត់ សុំចែកផ្លូវពីបុរសជាមេធាវីនោះ ដោយសារបានដឹងថាមេធាវីឈ្មោះ ទូច វឌ្ឍនៈ នោះ គឺជាបុរសមានភរិយារួចទៅហើយ។
ស្ត្រីជាម្តាយបានថ្លែងបន្តថា ទំនាក់ទំនងរវាងមេធាវី និងស្ត្រីលក់គ្រឿងក្រអូបអនឡាញនោះ មានរយៈពេលជាងមួយឆ្នាំមកហើយ។ បុរសជាមេធាវី នោះ ក្រោយពីកូនស្រីរបស់គាត់សុំចែកផ្លូវគ្នានោះមក បាននិយាយគំរាមច្រើនដងថា នឹងសម្លាប់កូនស្រី និងថែមទាំងគំរាមសម្លាប់រូបគាត់ និងប្តី និងក្រុមគ្រួសារទាំងអស់ថែមទៀត។
សមត្ថកិច្ចបានថ្លែងថា គេកំពុងស្រាវជ្រាវជាបន្ថែមទៀត ជាពិសេសការចង់ដឹងថា តើមេធាវីនោះ បានកាំភ្លើងខ្លីនោះមកពីណា ពីព្រោះមេធាវី មិនមានសិទ្ធិកាន់អាវុធឡើយ។