សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពប្រារព្ធពិធីជួបជុំ និងហែក្បួនឃោសនាបោះឆ្នោត នៅមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់ផ្តើមនៃយុទ្ធនាការឃោសបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានប្រារព្ធពិធីជួបជុំ និងហែក្បួនឃោសនាបោះឆ្នោត នៅមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជន និងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន១០០,០០០នាក់ រថយន្តចំនួន ២០០គឿង ទោចក្រយានយន្តចំនួន ២,៦៥០គឿង និងគ្រីចក្រយានយន្តចំនួន ២៨០គឿង។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា៖យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះមានរយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១០កុម្ភៈដល់ថ្ងៃ២៣កុម្ភៈ ដែលជាឱកាសអោយបេក្ខជនបានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗរបស់បក្ស ឈានទៅទទួលជ័យជំនៈនៅថ្ងៃទី២៥កុម្ភៈខាងមុខនេះ។
សម្ដេចបន្តថា៖រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន, កម្មវិធីទី(៤) ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បញ្ជាក់ទៀតថា ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានផ្តោតការយកចិត្តទុកដាក់ លើអាទិភាពគន្លឹះទាំង៥ផងដែរ មានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលគឺជាគោលដៅដើម្បីឆ្ពោះទៅរកការសម្រច ចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ សំដៅកសាងកម្ពុជាទំនើបថ្មីមួយ ប្រជាជនកម្ពុជាមានចំណេះដឹង និងជំនាញច្បាស់លាស់ ប្រជាជនរស់នៅក្នុងសេចក្ដីថ្លៃថ្នូរ សុភមង្គល និងទទួលបានយុត្តិធម៌សង្គម ប្រកបដោយសមធម៌ ស្មើសិទ្ធិ និងស្មើឱកាស៕






