របបយោធាមីយ៉ាន់ម៉ាកោះហៅប្រជាជនទាំងពីរភេទ ឲ្យចូលបម្រើទ័ព

ណៃពិដោ៖ បន្ទាប់ពីបាត់បង់សមរភូមិ ធ្លាក់ក្នុងការគ្រប់គ្រងរបស់ក្រុមបះបោរ មួយរយៈចុងក្រោយនេះ ស្រាប់តែរបបសឹកនៅប្រទេសមីយ៉ាន់ម៉ាបានប្រកាសអនុវត្ត «ច្បាប់សេវាកម្មយោធា» ដែលជាការអនុញ្ញាតឲ្យយោធាកោះហៅទាំងបុរស ទាំងស្ត្រី ឲ្យចូលបម្រើទ័ព។

កាលពីថ្ងៃសៅរ៍ ក្រុមព័ត៌មានរបស់របបយោធាបានអានសេចក្តីថ្លែងការណ៍មួយ ដែលជូនដំណឹង អំពីការចូលជាធរមាន នៃច្បាប់មួយនេះ ចាប់ផ្តើមពីថ្ងៃទី ១០ ខែកុម្ភៈ តទៅ។

គេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែ បាននិយាយថា ក្រសួងការពារជាតិនឹងផ្សព្វផ្សាយច្បាប់ នីតិវិធី សេចក្តីប្រកាស សេចក្តីជូនដំណឹង និងសេចក្តីណែនាំចាំបាច់ ជាបន្តបន្ទាប់ទៀត។

គួរឲ្យដឹងដែរថា ច្បាប់នេះត្រូវបានបង្កើតឡើង ដោយរបបយោធាមួយទៀត មិនមែនបច្ចុប្បន្ន ក្នុងឆ្នាំ ២០១០ ប៉ុន្តែ មិនដែលត្រូវបានដាក់ឲ្យចូលជាធរមានឡើយ ទើបតែប្រកាសឲ្យប្រើ ក្នុងពេលនេះ។ បើទោះបីជាមិនបង្ហាញលម្អិតបន្ថែម មានការលើកឡើងថា ផ្អែកតាមច្បាប់នេះ បុរសត្រូវមានអាយុចន្លោះ ពី១៨ ទៅ៣៥ឆ្នាំ ខណៈដែលនារី មានអាយុ ចាប់ពី១៨ ដល់ ២៧ ឆ្នាំ ដោយត្រូវចូលបម្រើយោធា យ៉ាងតិច ២ឆ្នាំ។

គួរបញ្ជាក់ថា របបយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ដណ្តើមការគ្រប់គ្រងប្រទេស កាលពីឆ្នាំ២០២១។ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ក៏បានស្ថិតក្នុងភាពចលាចល ស្របពេលដែលមានការតវ៉ាទ្រង់ទ្រាយធំ ជាមួយនឹងការបង្ក្រាបវិញ យ៉ាងចាស់ដៃ។

យ៉ាងណាមិញ មួយរយៈចុងក្រោយ របបយោធាភ្ញាក់ផ្អើល និងបារម្ភពីការបាត់សមរភូមិ ធ្លាក់លើការគ្រប់គ្រងរបស់ក្រុមបះបោរប្រឆាំងនឹងរបបសឹក។ ជាការដណ្តើមបាន បន្ទាប់ពីពួកគេបានចងសម្ព័ន្ធមិត្ត ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ពោលគឺបន្ទាប់ពីពួកគេបានតស៊ូ តែឯង ប្រឆាំងនឹងពួករបបយោធា ៣ឆ្នាំមកហើយនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner