ការចរចាដកកងទ័ពចម្រុះអន្តរជាតិចេញពីអ៊ីរ៉ាក់ចាប់ផ្តើមឡើងវិញ
បាកដាដ. ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃអាទិត្យម្សិលមិញ និយាយថា ខ្លួនបានបន្តកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្តីអំពីអនាគតកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងពួកឧទ្ទាមជីហាដ ជាមួយក្តីសង្ឃឹមថា នឹងមិនមានរឿងអ្វីមករំខាននោះទេ។
ជុំទីមួយនៃកិច្ចចរចានេះ បានបើកនៅថ្ងៃទី២៧ ខែមករា ប៉ុន្តែត្រូវផ្អាកភ្លាមៗ បន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូន បានសម្លាប់បុគ្គលិកយោធាអាមេរិក ៣នាក់នៅឯមូលដ្ឋានមួយក្នុងប្រទេសហ្ស៊កដានីនៅថ្ងៃបន្ទាប់ ដែលនាំឱ្យមានការវាយប្រហារសងសឹករបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យយោធារបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោកឧត្តមសេនីយ Yehia Rasool បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មាការយោធាកំពូលអ៊ីរ៉ាក់ បានបន្តកិច្ចប្រជុំរបស់ខ្លួនឡើងវិញ ជាមួយកងកម្លាំងចម្រុះអន្តរជាតិនៅរដ្ឋធានីបាកដាដ។

លោកបន្តថា ដរាបណាមិនមានអ្វីរំខានដល់ភាពស្ងប់ស្ងាត់នៃកិច្ចពិភាក្សានេះ កិច្ចប្រជុំនឹងប្រព្រឹត្តទៅជាទៀងទាត់ ក្នុងគោលបំណងពិភាក្សាពីពេលវេលា ដកកងកម្លាំងចម្រុះចេញពីប្រទេសអ៊ីរ៉ាក់ ដើម្បីជំនួសដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់វិញ។
សម្ព័ន្ធយោធាដឹកនាំដោយអាមេរិកបង្កើតឡើងក្នុងឆ្នាំ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ជាឆ្នាំដែលក្រុមជីហាដបានកាន់កាប់ជិតមួយភាគបីនៃទឹកដីប្រទេសអ៊ីរ៉ាក់ និងទឹកដីប្រទេសស៊ីរី។
សហរដ្ឋអាមេរិកមានទាហានប្រហែល ២.៥០០នាក់នៅអ៊ីរ៉ាក់ និង ៩០០នាក់ទៀតនៅស៊ីរី ជាផ្នែកមួយនៃកងកម្លាំងចម្រុះអន្តរជាតិប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម IS។ បច្ចុប្បន្ន ទាហានអាមេរិកនៅអ៊ីរ៉ាក់ ក្នុងគោលបំណងផ្តល់ជំនួយដល់កងកម្លាំងរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃក្រុមសកម្មប្រយុទ្ធជីហាដ IS៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា