រកឃើញអ្នក ជំងឺផ្តាសាយបក្សី១ករណីទៀតទៅលើក្មេងប្រុសអាយុ ១៦ឆ្នាំនៅខេត្តក្រចេះ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានរកឃើញពីអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី ទៀត កើតលើក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយ បក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។ ក្មេងប្រុសនេះមិនមាន រោគសញ្ញាផ្លូវដង្ហើមទេ និងត្រូវជាបង ប្រុស របស់ កុមារាដែលបានស្លាប់កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងសុខាភិបាល បានឱ្យដឹងថានៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះឱ្យដឹងថា៖ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិង កំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាង សកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារ បច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្ត ស្វែងរកករណី សង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនា ការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។

ជាមួយគ្នានេះក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីទៀត ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយក ចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាម កំហែងដល់សុខភាពប្រជាពលរដ្ឋយើង ។ក្នុងករណីបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner