មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស៖ កម្ពុជាស្វាគមន៍រាល់គំនិតផ្តួចផ្តើមនានាដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍រាល់គំនិតផ្តួចផ្តើមនានាដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយក៏ជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់ធ្វើការរួមគ្នា ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង។ ការគូសបញ្ជាក់នេះ ក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៧ ក្រោមប្រធានបទ “ឆ្ពោះទៅរកមហាសមុទ្រឥណ្ឌា ប្រកបដោយស្ថិរភាព និងចីរភាព” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុង Perth ប្រទេសអូស្ត្រាលី។

ឯកឧត្តម ប្រាក់ ងួនហុង ក៏បានគូសបញ្ជាក់អំពីអាទិភាពរបស់កម្ពុជាលើការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន ក៏ដូចជាការគាំទ្រពហុភាគីនិយម ដើម្បីឱ្យតំបន់ប្រកបដោយបរិយាបន្ន និងនីតិរដ្ឋ។
សូមជម្រាបថា តាមការចាត់តាំងរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៧ ក្រោមប្រធានបទ “ឆ្ពោះទៅរកមហាសមុទ្រឥណ្ឌា ប្រកបដោយស្ថិរភាព និងចីរភាព” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុង Perth ប្រទេសអូស្ត្រាលី៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

