ប្រាំមួយខែចុងក្រោយកម្ពុជាទាញបានទុនវិនិយោគជិតបួនពាន់លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំមួយខែចុងក្រោយ គិតពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ កម្ពុជាទាញបានទុនវិនិយោគសរុបជិតបួនពាន់លានដុល្លារអាមេរិកពីវិនិយោគគិនក្នុងស្រុក និងមកពី១០ប្រទេសផ្សេងទៀត។ ទុនវិនិយោគនេះនឹងបង្កើតឳកាសការងារចំនួន ១៩ម៉ឺនកន្លែងនៅក្រោមគម្រោងវិនិយោគចំនួន ១៧២ នៅទូទាំងប្រទេស។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការវិវិត្តនៃទុនវិនិយោគនេះ ក្នុងពិធីបិទសន្និបាតបូក សរុបការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃចុងសប្តាហ៍មុន។ សម្តេចបានកត់សម្គាល់ថា គ្រាន់តែក្នុងខែមករាឆ្នាំ ២០២៤ នេះកម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៣២ និងមានទុនសរុបជិត២០០លានដុល្លារ។ ទុនវិនិយោគប្រមាណជាង ៧៨ភាគរយមានប្រភពមកពី ប្រទេសចិន តាមបន្តដោយប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក កូរ៉ខាងត្បូង និង មួយចំនួនទៀតមកពីប្រភពក្នុងស្រុក។

គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមករារួមមាន (១) គម្រោងបង្កើត រោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅខេត្តតាកែវ (២) គម្រោងបង្កើតរោងចក្រផ្តុំដំឡើងម៉ូតូ, កង់, រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅខេត្តកណ្តាល (៣) គម្រោងបង្កើតរោងចក្រ កែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែង នៅខេត្តកំពង់ស្ពឺ និង (៤) គម្រោងបង្កើតរោងចក្រតម្បាញ ក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅខេត្តព្រះសីហនុ។

នៅពេញមួយឆ្នាំ២០២៣ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន២៦៨ ដែលមានទុនវិនិយោគសរុបប្រមាណជិតប្រាំពាន់លានដុល្លារនិង បង្កើតការងារបានជាង ៣០ម៉ឺនកន្លែង។ គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ កណ្តាល ស្វាយរៀង និងខេត្តព្រះសីហនុ។ គម្រោងវិនិយោគមួយចំនួនទៀតបានប្រមូលផ្តុំនៅរាជធានីភ្នំពេញ៕

ដោយ៖សែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner