សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអនុវត្តអភិក្រមទាំង៥ ដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ គឺដើម្បីបន្តកែទម្រង់ស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យសាធារណៈ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងអធិការកិច្ចពិតជាបានចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើទិសដៅ និងអភិក្រមការងារសម្រាប់បំពេញបេសកកម្មជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដាក់ចេញដើម្បីបន្តកែទម្រង់ស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ច ក្នុងវិស័យសាធារណៈ។ ប្រសាសន៍របស់សម្តេចធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្តេចធិបតីបានមានប្រសាសន៍បន្តថា សន្និបាតនេះ គឺជាព្រឹត្តិការណ៍ប្រចាឆ្នាំដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងអធិការកិច្ច ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារដែលក្រសួងសម្រេចបាននៅឆ្នាំមុនៗ និងស្វែងយល់កាន់តែច្បាស់ និងលើកកម្ពស់ការចូលរួមអនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅនូវវិស័យអធិការកិច្ចសំដៅជម្រុញវិស័យនេះឱ្យឆ្លើយតបបានកាន់តែប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលទៅនិងការវិវឌ្ឍ នៃស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច ទាំងនៅកម្ពុជា តំបន់ និងសកល។

សម្តេចធិបតីបានលើកទឹកចិត្តឲ្យរួមគ្នាបន្តរៀបចំ និងអនុវត្តផែនការថ្មីៗប្រកបដោយសង្គតភាពជាមួយគោលដៅនៃវិស័យអធិការកិច្ច សំដៅបន្តលើកកម្ពស់ការងារអធិការកិច្ច និងជម្រុញការចូលរួមឲ្យកាន់តែសកម្មខ្លាំងបន្ថែមទៀត ពីគ្រប់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីសម្រេចបាននៅចក្ខុវិស័យអភិបាលកិច្ច និងស្ថាប័នល្អ និងមានគុណភាពខ្ពស់នៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner