សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៅក្នុងយុទ្ធសាស្ត្របច្ចកោណ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណ ស្នូលធំបំផុត គឺអភិបាលកិច្ច

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៅក្នុងយុទ្ធសាស្ត្របច្ចកោណ ក៏ដូចជាយុទ្ធសាស្ត្រចយុកោណកន្លងទៅ ស្នូលធំបំផុត គឺអភិបាលកិច្ច។ អភិបាលកិច្ចបានន័យថា រៀបចំផ្ទះខ្លួនយើងឱ្យស្អាតមុននឹងចេញទៅមើលផ្ទះគេ។ រៀបចំផ្ទះយើងឱ្យស្អាតទើបមានផាសុខភាពល្អ ទើបយើងអាចធ្វើការងារបម្រើប្រជាពលរដ្ឋបានល្អ។ ទស្សនៈនេះ គឺត្រូវបន្ត ហើយកិច្ចការពីមួយអាណត្តិទៅមួយអាណត្តិ គឺបានធ្វើជាបន្តបន្ទាប់ នៅក្នុងន័យដូចជានៅក្នុងរបាយការណ៍បានគូសបញ្ជាក់ក្រសួងអធិការកិច្ចក៏បានដើរតួនាទីសំខាន់ ដែលទើបតែប្តូរឈ្មោះប៉ុន្តែភារកិច្ចនៅតែបន្ត។ ការប្តូរឈ្មោះនេះ គឺបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលនៅក្នុងសម្រួចភារកិច្ចរបស់ក្រសួងអធិការកិច្ចដើម្បីដើរតួនាទីកាន់តែសកម្ម ជាសេនាធិការឲ្យរាជរដ្ឋាភិបាលនៅក្នុងការពង្រឹងកិច្ចការអភិបាលកិច្ចនេះ។ ការបញ្ជាក់របស់សម្តេចធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា បើសិនជាការគ្រប់គ្រងរដ្ឋមិនអាចធ្វើទៅបានដោយប្រសិទ្ធភាពទេ សួរថា តើរដ្ឋទៅធ្វើការងារអីបាន បើគ្រប់គ្រងតែខ្លួនឯងមិនទាន់ច្បាស់លាស់? បើដៃជើងរបស់យើងមានច្រើន ប៉ុន្តែដៃជើងចេះតែដើរព័ន្ធជើងគ្នាដួល ដើរទៅឆ្ងាយយ៉ាងណា។ ការកំណែទម្រង់អធិការកិច្ច និងស្ថាប័នរបស់ជាតិ គឺជាកិច្ចសំខាន់។ ការងារតាមដានត្រួតពិនិត្យគឺជាគោលការណ៍ស្នូលសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលគោលការណ៍ស្នូល គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំន់បប្រកបសដោយសមត្ថភាពខ្ពស់ ខ្លាំងវៃឆ្លាតនិងស្អាតស្អំ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីសម្រេចភារកិច្ចនេះ ការតាមដានត្រួតពិនិត្យការសង្កេត ការស្រាវជ្រាវលើដំណើរការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យរកគុណសម្បត្តិ គុណវិបត្តិដើម្បីធ្វើការកែលំអឱ្យកាន់តែប្រសើរជាការចាំបាច់ ហើយក្នុងនេះកិច្ចការអធិការកិច្ចគឺត្រូវធ្វើដោយមាប្រសិទ្ធភាពបំផុត និងប្រទាក់ក្រឡា៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner