ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងសួរសុខទុក្ខ និង ប្រោសព្រះរាជទានព្រះរាជអំណោយដល់ កម្មករ កម្មការិនី

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤នេះ បានយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ កម្មករ កម្មការិនី ប្រមូលសំរាម និង សម្អាតទីក្រុងចំនួនជាង ២០០០នាក់ អបអរសារទរ ទិវាជាតិទីក្រុងស្អាត ។

ព្រះរាជពិធីបានប្រារព្វធ្វើឡើងនៅលើកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនី ប្រមូលសំរាម និង សម្អាតទីក្រុង មកពីក្រុមហ៊ុន ៣ រួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និង ក្រុមហ៊ុន Mizuda Group Co.,Ltd ។

ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហ បានមានព្រះរាជបន្ទូល កោតសរសើរចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំរាជធានីភ្នំពេញអោយក្លាយជាទីក្រុងស្អាត មានសោភណ្ឌភាពទាក់ទាញ និងលើកកម្ពស់ជីវីភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រោមការដឹកនាំប្រកបដោយ កិក្តិបណ្ឌិតដ៏ឆ្នើម និងប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រតិបត្តិតាមមាគារ ដ៏ល្អប្រពៃនិងមរតក នយោបាយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានដឹកនាំសង្គមជាតិយើងទាំងនៅទីក្រុង ក៏ដូចជានៅជនបទទទួលបាននូវសេចក្តីសុខ សន្តិភាព និង ការអភិវឌ្ឍរីកចម្រើន លូតលាស់លើគ្រប់វិស័យ ។

ព្រះករុណាព្រះអង្គ បានអំពាវនាវគ្រប់ក្រសួងស្ថាប័នរាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ ជនរួមជាតិទាំងអស់ សូមចូលរួមអោយបានផុលផុសប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាបរិស្ថានអោយបានល្អស្អាតនិងបៃតង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីអោយកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញខ្ពស់ សម្រាប់ទេសចរណ៍ជាតិនិងអន្តរជាតិ ពិសេសការបំពេញទស្សនៈកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ផ្លូវការ ជាមិត្តភាពជាមួយប្រទេសកម្ពុជាយើង។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះ មានភាពល្អប្រសើរលើការងារគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត ព្រមទាំងការថែរក្សាអនាម័យ-បរិស្ថានទីក្រុងស្អាត ពោលគឺ ក្រោយពេលដែលរាជរដ្ឋាភិបាលបានធ្វើ កំណែទម្រង់លើការងារគ្រប់គ្រងសំរាម-សំណល់រឹង នៅរាជធានីភ្នំពេញជ្រើសរើសបានក្រុមហ៊ុនចំនួន ៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ ។

តាមរយៈព្រះរាជសកម្មភាព និងព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីព្រះទ័យទុកដាក់ ខ្ពស់បំផុត អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ រួមចំណែកយ៉ាងធំធេងជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ និងសម្រាលការលំបាករបស់បុគ្គលិក និងបងប្អូនកម្មករ-កម្មការិនី ក៏ដូចជាប្រជារាស្ត្ររបស់ព្រះអង្គ ស័ក្តិសមបំផុតទៅនឹងព្រះបរមនាមជាអង្គក្សត្រប្រកបដោយទសពិធរាជធម៌ ៕

ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner