ទូកល្បាតអ៊ីរ៉ង់ ជាច្រើនឡោមព័ទ្ធកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿងនៅក្នុងច្រកសមុទ្រ Hormuz

អង់គ្លេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ទូកល្បាតអ៊ីរ៉ង់៥គ្រឿង នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានសំដៅមករកកប៉ាល់ដឹកប្រេងអង់គ្លេសឈ្មោះ ប្រ៊ីធីស ហើរីថេច នៅឯច្រកសមុទ្រ ហ័រមូស ប៉ុន្តែបានដកថយទៅវិញ ក្រោយមានការព្រមានពីនាវាចម្បាំងអង់គ្លេស HMS ម៉ុនត្រូស ដែលអមដំណើរកប៉ាល់ដឹកប្រេងនោះ។

បើតាមប្រភពដដែលនេះ ទូកល្បាតទាំង៥គ្រឿង ដែលជាកម្មសិទ្ធិរបស់កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បានប៉ុនប៉ងរឹបអូសយកកប៉ាល់ដឹកប្រេង ប្រ៊ីធីស ហើរីថេច ដែលធ្វើដំណើរក្នុងឈូងសមុទ្រពែក តាមរយៈការទាមទារឲ្យកប៉ាល់នោះឈប់ នៅក្នុងដែនទឹករបស់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែក៏បានដកថយទៅវិញ ក្រោយទទួលបានការព្រមានពីនាវាចម្បាំង HMS ម៉ុនត្រូស ដែលអមដំណើរកប៉ាល់នេះ។

ហេតុការណ៍ខាងលើ បានកើតមានឡើងប៉ុន្មានថ្ងៃក្រោយកងម៉ារីនរបស់អង់គ្លេស បានរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង នៅច្រកសមុទ្រ ជីប្រាល់តា ក្រោមការសង្ស័យថា កប៉ាល់នោះល្មើសនឹងទណ្ឌកម្មអន្តរជាតិ ដែលបានដាក់លើអ៊ីរ៉ង់។ ឆ្លើយតបនឹងទង្វើនេះ អ៊ីរ៉ង់ក៏បានព្យាយាមទទូចឲ្យអង់គ្លេសដោះលែងកប៉ាល់ដឹកប្រេងរបស់ខ្លួនវិញ ហើយថែមទាំងគំរាមថា អ៊ីរ៉ង់នឹងចាត់វិធានការដូចគ្នាលើកប៉ាល់ដឹកប្រេងរបស់អង់គ្លេស៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner