សម្តេចធិបតីបង្ហាញកត្តាធំសំខាន់បួន នៃគ្រឹះកែទម្រង់ឈានទៅរកភាពជោគជ័យ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវកត្តាធំសំខាន់ចំនួនបួន ដែលជាគ្រឹះ នៃកិច្ចការកែទម្រង់ឈានទៅរកភាពជោគជ័យ។

ប្រសាសន៍បង្ហាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងគ្រឹះសំខាន់ នៃការកែទម្រង់ ដើម្បីភាពជោគជ័យនេះ បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។ សម្តេចធិបតីបានថ្លែងស្នូល នៃយុទ្ធសាស្ត្របញ្ចកោណ គឺការកែទម្រង់និងការអភិបាលកិច្ច។

សម្តេចធិបតីបានថ្លែងថាកិច្ចការកែទម្រង់ដែលជោគជ័យត្រូវតែផ្អែកលើកត្តាសំខាន់ចំនួន៤ គឺទី១ ត្រូវមានចក្ខុវិស័យច្បាស់លាស់, ទី២ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, ទី៣ ត្រូវមានការចូលរួមដោយស្មោះត្រង់ និងទី៤ត្រូវមានការលះបង់។

សម្តេចធិបតីបានថ្លែងថា សម្តេចបានសម្រេចចិត្តទទួលដឹកនាំដោយផ្ទាល់លើការងារពាក់ព័ន្ធ នឹងវិធានការគន្លឹះចំនួន ក្នុងចំណោមវិធានការគន្លឹះទាំង៥ ជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅក្នុងសម័យប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រី។

សម្តេចធិបតីបានថ្លែងថារាជរដ្ឋាភិបាលអាណ្ណត្តិទី៧នេះ គឺជាអាណ្ណត្តិនៃការពង្រឹងគុណភាព និងសមត្ថភាពស្ថាប័នលើមូលដ្ឋាន ដែលមានស្រាប់ជាជាងការពង្រីក។ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ សម្រាប់ការបំពេញកិច្ចការងាររបស់ខ្លួន។

សម្តេចបានចាត់ទុកអភិក្រមទាំង៥ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់ គឺជាស្មារតីបុរេសកម្មក្នុងភាពភ្ញាក់រលឹក និងម៉ឺងម៉ាត់ ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និងមានលក្ខណៈ គ្រប់ជ្រុងជ្រោយ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តសកម្មចូលរួមអនុវត្តតាមបេសកកម្ម, មុខងារ, កម្មវិធីនិងគណនេយ្យភាពរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់មោះមុតនៅក្នុងកម្មវិធីកែទម្រង់នេះ។

ads banner