ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្តីពីការគូសផែនទី និងការចុះបញ្ជីគ្រួសារសម្រាប់ អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលស្តីពីការគូសផែនទី និងការចុះបញ្ជីគ្រួសារសម្រាប់ អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤ បានប្រារព្ធបើកកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម រិន វិរៈ រដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងផែនការ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលដល់មន្ត្រី អង្កេតចុះធ្វើបច្ចុប្បន្នភាព ទៅលើការគូសផែនទីមណ្ឌលអង្កេត និងការចុះបញ្ជីគ្រួសារនៅតាមរាជធានី ខេត្ត ដែល លទ្ធផលពីការចុះគូសែផែនទី និងការចុះបញ្ជីគ្រួសារ នេះជាឧបករណ៍តែមួយគត់ធ្វើជាមូលដ្ឋានសម្រាប់ការចុះ ទៅប្រមូលទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជន ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ការចុះគូសផែនទីមណ្ឌលអង្កេត និងការចុះបញ្ជីគ្រួសារបើធ្វើមិនបានត្រឹមត្រូវទេនោះទេ នាំឳ្យមានផលប៉ះ ពាល់ជាអវិជ្ជមានដល់លទ្ធផលអង្កេតរបស់យើង។ វត្តមានសិក្ខាកាមមកពីមន្ទីរផែនការ រាជធានី ខេត្ត ក្នុងវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងនាមជាមន្ត្រីអង្កេត ដើម្បីទទួលបានការបង្វឹកបង្ហាត់ ចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដច្បាស់លាស់ ពីគ្រូឧទ្ទេសនាម យកទៅអនុវត្តនៅទីតាំងមណ្ឌលអង្កេតតាមគោលដៅនីមួយៗ។
ក្នុងឱកាសនេះ ឯកឧត្តមបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ការគាំទ្រធ្វើឱ្យកិច្ចដំណើរការជំរឿនប្រជាជន ឆ្នាំ២០១៩ ទទួលបានជោគជ័យ។
លទ្ធផលអង្កេតចន្លោះជំរឿនប្រជាជន ឆ្នាំ២០២៤ គឺជាមូលដ្ឋានគ្រឹះតែមួយគត់ ក្នុងការវិភាគស៊ីជម្រៅអំពីកំណើនប្រជាជននៅតាមតំបន់រាជធានី-ខេត្ត និងកម្រិតថ្នាក់ជាតិ ដែលមានសារប្រយោជន៍ដល់អ្នកវិភាគសិក្សា ស្រាវជ្រាវ ឬអ្នកតាក់តែងរៀបចំគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបរិស្ថាន សង្គម វប្បធម៌ និង សុខុមាលភាពរបស់ប្រជាជន ឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម រិន វិរៈ។
សូមជម្រាបថា វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានដឹកនាំធ្វើជំរឿនទូទៅប្រជាជនចំនួន ៣ដងរួចមកហើយ នៅឆ្នាំ១៩៩៨ ឆ្នាំ២០០៨ និងឆ្នាំ២០១៩ ព្រមទាំងធ្វើអង្កេតចន្លោះជំរឿនទូទៅប្រជាជន បានពីរដងរួចមកហើយដែរ គឺនៅឆ្នាំ២០០៤ និងឆ្នាំ២០១៤ ដោយប្រើប្រាស់ថវិកាពីដៃគូអភិវឌ្ឍស្ទើរតែទាំងស្រុង ៕
ប្រភពក្រសួងផែនការ


