នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានបន្ថែមមុខតំណែងជា រដ្ឋមន្ត្រីការពារជាតិថៃ
ថៃ៖ មហាក្សត្រថៃព្រះបាទ មហា វិច្ឆរ៉ាឡុងកន នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានសម្រេចតែងតាំងសមាសភាពរដ្ឋាភិបាលថ្មីហើយ ដែលស្នើដោយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា។
រដ្ឋាភិបាលថ្មីដែលគេរង់ចាំមើលជាយូរមកហើយនោះ មានសមាជិក៣៦នាក់ ដែលភាគច្រើនជាអតីតរដ្ឋមន្ត្រីសល់ពីរបបដឹកនាំយោធា និងមកពីសម្ព័ន្ធភាពកាន់អំណាចមានសំឡេងក្នុងសភា ហើយដែលជាកម្លាំងសំខាន់ក្នុងការជួយលោក ប្រាយុទ្ធ ឲ្យធ្វើនាយករដ្ឋមន្ត្រី៤ឆ្នាំទៀត។
បន្ថែមពីលើតំណែងនាយករដ្ឋមន្ត្រីថៃនោះ លោក ប្រាយុទ្ធ ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថៃមួយទៀតផងដែរ ខណៈតំណែងនេះធ្លាប់ជារបស់លោក ប្រាវីត វង្សសុវណ្ណ។ ជំនួសមកវិញ លោក ប្រាវីត នឹងកាន់តំណែងឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិ ជាតំណែងដ៏សំខាន់ក្នុងជួររដ្ឋាភិបាលថៃ ព្រោះត្រូវទទួលខុសត្រូវលើកងទ័ពទាំងមូល។ ការប្រគល់តំណែងនេះឲ្យអ្នកផ្សេង អាចជាការប្រថុយមួយសម្រាប់លោក ប្រាយុទ្ធ ពិសេសរឿងរដ្ឋប្រហារតែម្ដង ខណៈរដ្ឋាភិបាលរបស់លោកទំនងជាមិនសូវមានស្ថិរភាពប៉ុន្មានដែរ ដោយសារកើតចេញពីសម្ព័ន្ធភាពមានបក្សនយោបាយក្បែរ២០ឯណោះ។ វិបត្តិនយោបាយណាមួយនៅថ្ងៃមុខ ជារឿងដែលលំបាក ដូចនេះការអង្គុយកៅអីរដ្ឋមន្ត្រីការពារជាតិ ជារឿងល្អសម្រាប់លោក ប្រាយុទ្ធ៕ធ.ដ