ឡាវអបអរសាទរខ្លាំងបំផុត ក្រោយតំបន់វាលស្រែពាងបុរាណរបស់ប្រទេសខ្លួន ចុះឈ្មោះជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO

ឡាវ៖ អង្គការ UNESCO បានសម្រេចជាផ្លូវការហើយ ក្នុងការដាក់បញ្ចូលតំបន់វាលស្រែពាងបុរាណរបស់ប្រទេសឡាវ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលប្រការនេះ គឺជាជោគជ័យដ៏អស្ចារ្យមួយរបស់រដ្ឋាភិបាលឡាវ ដែលបានខិតខំប្រឹងប្រែងលើការងារនេះ អស់ជាច្រើនឆ្នាំកន្លងមកហើយ ដើម្បីជំរុញឱ្យមានការទទួលស្គាល់ជាអន្តរជាតិ លើតំបន់ទីវាលបុរាណអាយុកាលរាប់ពាន់ឆ្នាំរបស់ឡាវ។

សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងនៅសម័យប្រជុំលើកទី៤៣ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាគូអា ប្រទេសអាហ្សែបែហ្សង់។ ការចុះបញ្ជីនេះមានន័យថា វាលស្រែពាងបុរាណ (Plain of Jars) គឺជាបេតិកភណ្ឌពិភពលោកទី៣ហើយរបស់ឡាវ ខណៈទីក្រុងបុរាណលួងប្រាបាង្គ ត្រូវបានចុះបញ្ជីកាលពីឆ្នាំ១៩៩៥ ហើយបន្ទាប់មកទៀតគឺប្រាសាទវត្តភូ ត្រូវបានចុះបញ្ជីកាលពីឆ្នាំ២០០១។

ទីតាំងទាំង១៥ នៃតំបន់ដែលត្រូវបានគេដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ មានផ្ទុកដោយពាងថ្មធំៗ ផ្ទាំងថ្មធំៗ កន្លែងបញ្ចុះសព សិលាចារឹកថ្មកែវ និងវត្ថុតំណាងពិធីបុណ្យផ្សេងៗទៀត ដែលមានអាយុកាលតាំងពី៥០០មុនគ.ស ដល់ឆ្នាំ៥០០ នៃគ.ស។ ពាង និងវត្ថុធាតុដែលជាប់ទាក់ទង គឺជាភ័ស្តុតាងដ៏លេចធ្លោជាងគេបំផុតនៃអរិយធម៌របស់មនុស្សលោក នៅក្នុងយុគសម័យលោហៈ ដែលត្រូវបានបង្កើត និងប្រើប្រាស់វារហូតមកដល់សម័យចុងក្រោយនៃយុគសម័យនោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner