ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីសម្ពោធឆ្លងព្រះសក្យមុនីចេតិយ ក្នុងវត្តអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋន ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះសក្យមុនីចេតិយ ក្នុងវត្តពោធិសាល ហៅវត្តអំពិល ភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ពិធីនេះមានការនិមន្តចូលរួមពីសំណាក់ព្រះព្រហ្មចរិយញាណ យិត្ត សុខា មេគណខេត្តត្បូងឃ្មុំ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លោកឧកញ៉ា លោក លោកស្រី សីលវន្ត សីលវតី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន កាយរិទ្ធ យុវជនសហភាពសហព័ន្ធ យុវជនកម្ពុជា កងកម្លាំងទាំង៣ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ពិធីសម្ពោធឆ្លងព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានានៅវត្តពោធិសាល ហៅវត្តអំពិល នាខណៈនេះ ជាសក្ខីកម្មនៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព ។
ឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋ និងសូមថ្លែងអំណរព្រះគុណ និងអរគុណ ដល់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយដែលបានខិតខំ និងចូលរួមកសាងសមិទ្ធផលទាំងនេះឡើង នៅពេលនេះ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំសហការ និងជួយជ្រោមជ្រែង ក្នុងការបង្កើតសមិទ្ធនានាក្នុងវត្តអំពិល និងក្នុងមូលដ្ឋានភូមិ ឃុំ និងស្រុកក្រូចឆ្មារទាំងមូល ។ ទាំងនេះជាកេរដំណែលសាសនាដ៏មានតម្លៃ ផ្សារភ្ជាប់នឹងព្រលឹងជាតិ នៃបុព្វបុរសយើងតាំងពីបុរាណកាល ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទ ក្នុងការបំពេញកុសលផ្សេងៗ តាមទំនៀមទម្លាប់ប្រពៃណីសាសនាផងដែរ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាជាតិកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងបន្តការងារពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តសកម្មភាពធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យប្រកបដោយមោទនភាព និងកិត្យានុភាពបំផុត ក្នុងគោលបំណងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លាបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិ ហើយប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋប្រកបដោយសុខដុមរមនាជីវភាពប្រជាជនកាន់តែប្រសើរឡើងឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
ទន្ទឹមគ្នានេះ ក្រសួងបរិស្ថានឈរលើគោលការណ៍ធម៌នៃពុទ្ធឱវាទ ក៏ដូចជាអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណឥដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងមុំទី៥ នៃបញ្ចកោណទី១ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលផ្ដោតសំខាន់លើការធ្វើពលវូបនីយកម្ម ពលរដ្ឋឱ្យមានសីលធម៌ គុណធម៌ និងសុជីវធម៌ បានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលផ្ដោតលើភាពស្អាត ភាពបៃតង និងចីរភាព។

ឯកឧត្តមបណ្ឌិត អ៊ាង សុផលែ្លតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាដែលបានលើកទឹកចិត្ត ដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ថ្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបច្ចុប្បន្ននេះកំពុងតែទទួលបានជោគជ័យដោយមានការចូលរួច អនុវត្តដោយផ្ទាល់ពីមនុស្សចំនួនជាង ៤លាននាក់ ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណផងដែរដល់ ក្រសួង ស្ថាប័ន រដកឋបាលខេត្ត មន្ទីរអង្គភាព និង អាជ្ញាធរគ្រប់ថ្នាក់ ជាពិសេសកម្មករ កម្មការិនៅ តាមរោងចក្រ សហគ្រាស ដែរបានចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីធ្វើអោយភាពស្អាតដែរចេញពីផ្នត់គំនិតធ្វើអោយ សហគមន៍ស្អាត មូលដ្ឋានស្អាត ឆ្ពោះទៅកម្ពុជាដែរជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត ។
សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធឆ្លងព្រះសក្យមុនីចេតិយ ក្នុងវត្តពោធិសាល ហៅវត្តអំពិល ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានប្រគេនបច្ច័យសម្រាប់កសាងទីអារាមដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ព្រមទាំងចែកជូនថវិកាដល់តាជី យាយជី ចាស់ព្រឹទ្ធាចារ្យ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ ៕



ដោយ៖ដេប៉ូ