អ្នកនាំពាក្យ៖ បើសិនមានពាក្យបណ្តឹង គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើល្មើសនៅក្នុងអំឡុងពេលនៃការឃោសនា

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការគំរាមកំហែង បំភិតបំភ័យ របស់គណបក្សនយោបាយមួយលើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួនឲ្យបោះឆ្នោតឲ្យគណបក្សនេះ ឬគណបក្សនោះ គឺជាអំពើល្មើសច្បាប់។ ប៉ុន្តែសម្រាប់ គ.ជ.ប នៅពេលដែលមិនទាន់មានលិខិតប្តឹងជាលាយលក្ខណ៍អក្សរ។ គ.ជ.ប នៅតែតាមឃ្លាំមើលរាល់ដំណើរប្រព្រឹត្តទៅនៃអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ប្រសិនជាមានការប្តឹងជាលាយលក្ខណ៍អក្សរ គ.ជ.ប នឹងធ្វើការស្រាវជ្រាវព្រមទាំងកំណត់ទោសទណ្ឌ ឬក៏ការដាក់វិន័យផ្សេងចំពោះអ្នកប្រព្រឹត្តអំពើល្មើសនៅក្នុងអំឡុងពេលនៃការឃោសនា។

អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់យ៉ាងដូច្នេះថា ទាក់ទងករណីនេះ គ.ជ.ប នឹងផ្អែកលើពាក្យបណ្តឹង បើសិនជាមានពាក្យបណ្តឹងនឹងពិនិត្យទិដ្ឋភាពច្បាប់ នឹងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកបញ្ហាដែលកើតមានឡើង។ នេះជាគោលការណ៍សំខាន់ដែល គ.ជ.ប ត្រូវធ្វើការអនុវត្ត ហើយគ.ជ.ប នឹងកំណត់ទោសទណ្ឌ ឬក៏ការដាក់ពិន័យជាក្រោយ។ ទាក់ទងករណីនេះ គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត (គ.ជប) បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនេះ មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះ ឬ គណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃ ការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

គ.ជ.ប បានបញ្ជាក់ថា មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា… គ្រប់គណបក្សនយោបាយ បេក្ខជន ឬ អ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬ សន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ ។…”

ជាមួយគ្នានេះ គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត បានអំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូចជាការបោះឆ្នោតទទួលបានជោគជ័យ។ ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ជាងនេះទៅទៀត ការរក្សាការសម្ងាត់នៃ ការបោះឆ្នោតគឺជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

សូមជម្រាបថា គណបក្សនយោបាយ និងអង្គការសមាគមសង្គមស៊ីវិលជាច្រើនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសគណបក្សនយោបាយមួយបាន នឹងកំពុងគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងបានស្នើដល់ក្រសួងមហាផ្ទៃឱ្យមានវិធានការចំពោះគណបក្សនយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបានតឹងរ៉ឹងបំផុត៕
ដោយ៖ពលជ័យ

ads banner